សិក្ខាកាម​វិស័យ​ការពារ​ជាតិ​ចំនួន ៥០០​នាក់ ទទួលបាន​ចំណេះដឹង​ពី​បញ្ហា​គ្រឿងញៀន និង​ការប្រើប្រាស់ App Nodrug

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៤ សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ការលើកកម្ពស់​ការយល់​ដឹង​ពី​ផលប៉ះពាល់​និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន ដើម្បី​អបអរសាទរ​ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន តេជោ ​នៅ​សាកលវិទ្យាល័យការពា​រ​ជាតិ ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​មាន​អ្នកចូលរួម​សរុប ៥០០​នាក់​។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ផេង កុយ សាកលវិទ្យាធិការរង បាន​មានមតិ​ស្វាគមន៍ និង​របាយការណ៍​ពី​ការចូលរួម​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​

​ឱកាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ បាន​មានប្រសាសន៍ថា និន្នាការ​នៃ​ការផលិត ការ​ចរាចរ ការជួញដូរ​និង​ប្រាស់​គ្រឿងញៀន​នៅតែ​មាន​កំណើន​ខ្លាំង​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ តំបន់​និង​អនុតំបន់ ដែល​បណ្តាល​ឱ្យ​កម្ពុជា​នៅ​បន្ត​រង​ការគំរាមកំហែង​ពី​និន្នាការ​គ្រឿងញៀន​ពិភពលោក និង​រង​ឥទ្ធិពល​ដោយ​ផ្ទាល់​ពី​តំបន់ត្រីកោណមាស​និង​ការប៉ុនប៉ង​កែច្នៃ​ផលិត​គ្រឿងញៀន​សំយោគ​នៅក្នុង​ប្រទេស​ដោយ​ការ​លួច​បង្វែ​សារធាតុ​គីមី​ផ្សំ​ពី​ការ​នាំចូល​ដោយ​ស្របច្បាប់​ទៅ​កែច្នៃ​ផលិត​គ្រឿងញៀន​សំយោគ​ខុសច្បាប់​។​

​ក្នុងឱកាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ បន្តថា ឆ្លើយតប​ទៅនឹង​ស្ថានភាព​គំរាមកំហែង​ពី​គ្រឿងញៀន​និង​កាត់បន្ថយ​ក្តីកង្វល់រ​បស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹ​ង​បញ្ហា​គ្រឿងញៀន រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ចាត់​ទុក​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ជាការ​អាទិភាព​និង​បាន​បន្ត​ដាក់ចេញ​នូវ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់លេីក​ទី​៩ រួម​ទាំង​បទបញ្ជា សារាចរ​ណែនាំ លិខិត​បទដ្ឋាន​គតិយុត្ត​នានា​សំដៅ​ពង្រឹង និង​លេីក​កម្ពស់​ប្រសិទ្ធភាព​ការងារ​ប្រយុ​ទ្ធ​ប្រឆាំង​គ្រឿងញៀន​។

​ក្នុងនោះ​ការងារ​ផ្សព្វផ្សាយ​អប់រំ បង្ការ ទប់ស្កាត់ និង​បដិសេធ​ចំពោះ​គ្រឿងញៀន ដោយ​អនុវត្ត​តាម​វិធីសាស្ត្រ​បែប​ទាន់សម័យ មាន​ប្រសិទ្ធភាព គុណភាព របៀប​ថ្មី​ប្លែក និង​ភាព​ទាក់ទាញ ក្នុង​ការបណ្តុះបណ្តាល​ជន​បង្គោល​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​។ ជំរុញ​ដល់​ប្រជាពលរដ្ឋ​ពិសេស​យុវជន សូម​ទាញ​យក​កម្មវិធី​ទូរស័ព្ទដៃ App NoDrug មក​ប្រើប្រាស់​នៅលើស្មាត​ហ្វូន​របស់​ខ្លួន​ទាំងអស់​គ្នា ដើ​ម្បី​ទទួលបាន​នូវ​ព័ត៌មាន​ទាន់​ហេតុការណ៍​អំពី​គ្រឿងញៀន អំពី​គ្រោះថ្នាក់ កន្លែង​ទទួល​សេវា​ព្យាបាល ការស្រាវជ្រាវ រួម​ទាំង​ចេះ​រាយការណ៍​ពី​សកម្មភាព​ប្រេី​ប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ខ្លួន​បាន​ដឹង​ឬ​ជួបប្រទះ​នៅក្នុង​មូលដ្ឋាន​ដល់​សមត្ថកិច្ច​ដើ​ម្បី​ចុះ​ទៅ​អន្តរាគមន៍ និង​រក្សា​ការសំងាត់​ខ្ពស់​ជូន​អ្នករាយការណ៍​៕​