ក្រុមការងារ​គ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង ( ក​.​គ​.​ផ​.​ស​. ) បាន​បើក​កិច្ចប្រជុំ​លើក​ទី​១ ដើម្បី​ជំរុញ និង​លើកកម្ពស់​សុខុមាលភាព​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យ​កាន់តែ​ល្អប្រសើរ តាមរយៈ​ការគ្រប់គ្រង​ការផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង​អោយមាន​សណ្តាប់ធ្នាប់​ល្អ​

​កិច្ចប្រជុំ​ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​ក្រុមការងារ​គ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង​, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​និង​ជា​អនុប្រធាន​ក្រុមការងារ និង​ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ជា​អនុប្រធាន​ក្រុមការងារ​។​

​កិច្ចប្រជុំ​នា​ឱកាស​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​, ទីស្តីការគណៈរដ្ឋមន្ត្រី​, ក្រសួងមហាផ្ទៃ​, ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​, ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដែលជា សមាជិក ក​.​គ​.​ផ​.​ស​.​។

​ក្រុមការងារ​គ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង ( ក​.​គ​.​ផ​.​ស​. ) ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បង្កើតឡើង​នៅ​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២៤ ហើយ​ក្រុម​ការងារ​នេះ មាន​ភារកិច្ច ដឹកនាំ​ជា​យុទ្ធសាស្ត្រ​លើ​ការគ្រប់គ្រង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង​, តម្រង់​ទិស​ក្នុង​ការរៀបចំ​យន្តការ​អនុវត្ត និង​បទដ្ឋាន​បច្ចេកទេស​លើ​ការគ្រប់គ្រង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង​, កំណត់​វិធានការ​បច្ចេកទេស​សម្រាប់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង ធានាបាន​កិច្ចការពារ​អ្នក​ប្រើប្រាស់​និង​ជំរុញ​ការប្រកួតប្រជែង​ដោយ​សុចរិត រៀបចំ​សណ្តាប់ធ្នាប់​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង តាម​គ្រប់​មធ្យោបាយ​ប្រព័ន្ធ ផ្សព្វផ្សាយ និង​ការ​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈ​នៅ​គ្រប់​ទីកន្លែង ដើម្បី​លើកកម្ពស់​សោភណភាព និង​សុវត្ថិភាព​៕​