ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ ទូច អញ្ជើញ​ជា​អធិបតី​នៅក្នុង​វេទិកា​យុវជន ស្ដីពី វិធានការ​ពន្ធ​ថ្នាំជក់​

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែងថា អ្នក​ជក់បារី​ភាគច្រើន​ជា​អ្នក​ដែល​មាន​កម្រិតជីវភាព​ទាប នៅពេល​ដែល​ការ​តម្លើង​ពន្ធ​បារី​កាន់តែ​ខ្ពស់ បារី​មាន​តម្លៃ​កាន់តែ​ថ្លៃ នឹង​ធ្វើឱ្យ​អ្នក​ជក់បារី អាច​កាត់បន្ថយ​បាន​ដោយ​ស្វ័យប្រវត្តិ​។​

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ ទូច បាន​ថ្លែង​យ៉ាង​ដូចនេះ នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤ នា​ឱកាស​អញ្ជើញ​ជា​អធិបតី​នៅក្នុង​វេទិកា​យុវជន​ស្ដីពី វិធានការ​ពន្ធ​ថ្នាំជក់ ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម សោម ចិន អនុប្រធាន​គណៈកម្មកា​រ​ទី​៨ នៃ​រដ្ឋសភា​, ឯកឧត្តម​បណ្ឌិត គី សេរី​វឌ្ឍន៍ ប្រធាន​វិទ្យាស្ថាន​សិក្សា​ចិន​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម វ៉ាន់ ពុទ្ធិ​ពល អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, លោក​វេជ្ជ​. មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា (CMH) រួម​ទាំង​មាន​សិស្ស និស្សិត​ចូលរួម​ជាច្រើន​ទៀត​ផង​ដែរ​។​

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ ទូច បាន​ថ្លែងថា «​ចំណុច​មួយទៀត​ដែល​យើង​ត្រូវ​ពិចារណា​ទាំងអស់គ្នា ដោយ​យើង​ត្រូវ​បង្កើន​ពន្ធ ពី​ព្រោះ​អ្នក​ជក់បារី ដែល​ជា​បញ្ញាវន្ត​មាន​តិច​ណាស់ តែ​អ្នក​ជក់បារី​ភាគច្រើន​ជា​អ្នក​ដែល​មាន​ជីវភាព​ទាប ហើយ​កាលណា​បារី​កាន់តែ​មាន​តម្លៃ​ខ្ពស់ គាត់​គ្មាន​លុយ​ទិញ គាត់​នឹង​កាត់បន្ថយ​ដោយ​ស្វ័យប្រវត្តិ ត្រូវដាក់​រូប​ខូច​សួត ខូច​បេះដូង និង​បញ្ហា​ផ្សេងៗ​នៅលើ​កញ្ចប់​បារី និង​នៅ​កន្លែង​លក់​បារី ដើម្បី​ឱ្យ​អ្នក​ជក់​គ្រាន់តែ​ឃើញ​គិតថា កំពុង​តែ​ដុត​បំផ្លាញ​ខ្លួនឯង​»​។ ឯកឧត្តម​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បានឱ្យដឹង​ទៀត​ថា អ្នក​ជក់​បារី​បាន​បំផ្លាញ​ដូចជា បំផ្លាញ​សុខភាព​ខ្លួនឯង បំផ្លាញ​សង្គម​គ្រួសារ បំផ្លាញ​ប្រទេសជាតិ​, នៅពេល​ដែល​ស្លាប់​ដោយសារ​បារី បាន​ធ្វើ​ឱ្យ​កំព្រា​កូន ប្រពន្ធ​បាត់​ប្តី ប្តី​បាត់​ប្រពន្ធ និង​ចំណុច​មួយទៀត​នោះ​គឺ​បំផ្លាញ​ដល់​សង្គម​។​

ឯកឧត្តម សុខ ទូច បាន​បញ្ជាក់ទៀតថា ការជក់បារី​បាន​បង្ករ​បញ្ហា​មួយចំនួន​ដូចជា បណ្តាលឱ្យ​កើត​មាន​បញ្ហា​តានតឹង​ចិត្ត (stress), បង្ករ​ការរំខាន​ដល់​អ្នក​ដ៏​ទៃ​, បង្ករ​ចិញ្ចឹម​ជំងឺ​នៅក្នុង​ខ្លួន​, បង្ករ​ឱ្យ​កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​, បណ្តាលឱ្យ​កើត​ជំងឺមហារីក​, បណ្តាលឱ្យមាន​បញ្ហា​ជំងឺ​បេះដូង និង​ជំងឺ​ផ្សេងៗ​ទៀត​ជាច្រើន​ផងដែរ​។ ឯកឧត្តម សុខ ទូច បាន​បន្ថែមថា ដើម្បី​ចូលរួម​កាត់បន្ថយ​ការជក់បារី យើង​ត្រូវ​នាំ​គ្នា​ឱ្យ​តម្លៃ​ទៅលើ​អ្នក​ជក់បារី​ឱ្យ​បាន​កាន់​ទាប ហើយ​រាល់​ការជក់បារី​ខុស​សណ្តាប់ធ្នាប់​ត្រូវតែ​មាន​ការផាកពិន័យ​ឱ្យបាន​តឹងរឹង ដើម្បី​ឱ្យ​អ្នក​ជក់បារី​ត្រូវតែ​មាន​សណ្តាប់ធ្នាប់ និង​ត្រូវ​យក​ច្បាប់​មក​អនុវត្តន៍​លើ​អ្នក​ជក់បារី​ដែល​គ្មាន​សណ្តាប់ធ្នាប់​។​

​លោក​វេជ្ជ​. មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​គាំទ្រ​ការអំពាវនាវ​របស់​អង្គការ​សុខភាព​ពិភពលោក ដោយ​ថ្លែង​ថា​“​គ្រប់​ប្រទេស​ដែល​បាន​ដំឡើង​អាករ​ពិសេស​លើ​បារី សុទ្ធតែ​ទទួល​បាន​ប្រាក់​ចំណូល​ពន្ធ​កើនឡើង​យ៉ាងច្រើន​។​

​ជាក់ស្ដែង​នៅ​ប្រទេស​ថៃ នៅពេល​រដ្ឋាភិបាល​ថៃ​យក​អាករ​ពិសេស​លើ​បារី 55% នៅ​ឆ្នាំ​1993 រដ្ឋ​ទទួលបាន​ប្រាក់ចំណូល​ត្រឹមតែ 530 លាន​ដុល្លារ ប៉ុន្តែ​នៅពេល​រដ្ឋាភិបាល​ដំឡើង​អាករ​ពិសេស​លើ​បារី​រហូតដល់ 90% នៅ​ឆ្នាំ​2017 រដ្ឋ​ទទួលបាន​ប្រាក់ចំណូល​រហូតដល់ ២២៨៧ លាន​ដុល្លារ ហើយ​ករណី​ដំឡើង​អាករ​ពិសេស​លើ​បារី នាំ​ឱ្យ​កើន​ចំណូល​ពន្ធ​រដ្ឋ​នេះ ក៏​បាន​កើតឡើង​នៅ​ប្រទេស​ហ្វីលីពីន​ផងដែរ​។​

​សូមបញ្ជាក់​ថា យោងតាម​ការសិក្សា​របស់​អង្គការ​អន្តរ​ជាតិ​ចំនួន​៣ បាន​រកឃើញថា ថ្នាំជក់​នៅតែ​កត្តា​ហានិភ័យ​ចម្បង ដែល​ប៉ះពាល់​ដល់​សុខភាព សង្គម សេដ្ឋកិច្ច និង​បរិស្ថាន ដោយ​បាន​បង្ក​ឲ្យ​ខាត​បង់ចំណូល​ថវិកាជាតិ (GDP) 3% និង មាន​ពលរដ្ឋ​ប្រមាណ ១៥០០០ នាក់​ស្លាប់ ជា​រៀងរាល់ឆ្នាំ ៕​