សេចក្តីប្រកាស​ព័ត៌មាន ស្តី​ពី​ជំនួប​ពិភាក្សា​ការងារ​រវាង ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ឯកឧត្តម​វេជ្ជបណ្ឌិត សា​អៀ ម៉ា​អ៊ួ ព្យូ​កាឡា ប្រធាន​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច នៃ​អង្គការ​សុខភាព​ពិភពលោក​

​នៅ​ព្រឹក​ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៤​នេះ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន អនុញ្ញាត​ឱ្យ​ឯកឧត្តម​វេជ្ជបណ្ឌិត សា​អៀ ម៉ា​អ៊ួ ព្យូ​កាឡា (Saia Ma’u Piukala) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​កម្ពុជា ។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​ឯកឧត្តម​វេជ្ជបណ្ឌិត សា​អៀ ម៉ា​អ៊ួ ព្យូ​កាឡា និង​សហការី ក្នុងឱកាស មក​បំពេញបេសកកម្ម​ការងារ​នៅ​ប្រទេស​កម្ពុជា​ជា​លើកដំបូង បន្ទាប់​ពី ឯកឧត្តម​វេជ្ជបណ្ឌិត ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច នៃ​អង្គការ​សុខភាព​ពិភពលោក កាលពី​ខែ កុម្ភៈ ឆ្នាំ ២០២៤ កន្លងមក ។ ក្នុង​កិច្ច​ជំនួស​, ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​គូស​រំ​លេច អំពី កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក ក្នុង​រយៈកាល​ជាច្រើន ទស្សវត្ស​ន៍​កន្លងមក និង​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ការចូលរួមចំណែក​គាំទ្រ ដល់​ការអភិវឌ្ឍ​វិស័យ​សុខាភិបាល​កម្ពុជា រហូត​រៀងមក ដែល​រួមមាន​ទាំង​ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ និង​ជា​ពិសេស​ក្នុង​កាលៈទេសៈ​ដ៏​លំបាក ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ ។​

​ឯកឧត្តម​វេជ្ជបណ្ឌិត សា​អៀ ម៉ា​អ៊ួ ព្យូ​កាឡា បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី ក្នុង​ដំណើរ​បេសកកម្ម​ការងា​រ​របស់​ឯកឧត្តម ព្រមទាំង​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ក្នុង​ការអភិវឌ្ឍ​ប្រទេស ជាមួយនឹង​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ និង​ការវិនិយោគ​ជា​បន្តបន្ទាប់ រហូត​មាន​ការរីកចំរើន​សង្គម​-​សេដ្ឋកិច្ច​គួរឱ្យកត់សំគាល់ ។ ទន្ទឹមនេះ​, ឯកឧត្តម​វេជ្ជបណ្ឌិត​ក៏​បាន​ថ្លែង​កោ​ត សរសើរ​កម្ពុជា​លើ​ភាពជោគជ័យ​ក្នុង​ការទប់ស្កាត់ និង​ឆ្លើយតប​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ការកែ ទម្រង់​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​រីកចំរើន​ប្រកប​ដោយ​ភាព​ធន់ និង​រឹងមាំ ដែល​អាច​ត្រៀមខ្លួន​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម និង​ជំងឺ​រាតត្បាត​ជាយថាហេតុ​នានា​ដែល​អាច​កើតមាន​ឡើង​នា​ពេលអនាគត​។ ឆ្លៀត​ក្នុង​ឱកាស​នេះ​, ឯកឧត្តម​វេជ្ជបណ្ឌិត ក៏​បាន​ថ្លែង​អបអរសាទរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ “​ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល​នៅ កម្ពុជា​ឆ្នាំ ២០២៤-២០៣៥” ព្រមទាំង​បាន​បញ្ជាក់​អំពី​ការគាំទ្រ​យ៉ាង​មុតមាំ​របស់​អង្គការ​សុខភាព​ពិភពលោក​តាមរយៈ​កិច្ចសហការ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា ដើម្បី​ជំរុញ​ការអនុវត្ត​ផែនទី​បង្ហាញផ្លូវ​ដ៏​មាន​សារៈសំខាន់​នេះ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។​

​ជាមួយនឹង​ការថ្លែងអំណរគុណ​ជាថ្មី​ម្តងទៀត​, ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី ភាពជោគជ័យ និង​សមិទ្ធិផល​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន គឺ​ជា​ផ្លែផ្កា​នៃ​ការសម្រេច​បាន​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ។ ជាមួយគ្នានេះ​, ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី ៧ នៃ​រដ្ឋសភា ដែលមាន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​, “​មនុស្ស​” គឺជា​អាទិភាព​គន្លឹះ​ទី ១ នៃ “​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី ១” ហើយ “​ការផ្តល់​ការថែទាំ​សុខភាព​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល​នៅ​កម្ពុជា​”, ការបន្ត​លើកកម្ពស់​ការអភិវឌ្ឍ​មូលធន​មនុស្ស និង​សុខុមាលភាព​របស់​ពល​រដ្ឋ តាមរយៈ​ការបន្ត​ជំរុញ​ការអភិវឌ្ឍ​ប្រព័ន្ធ​សុខាភិបាល និង​ប្រព័ន្ធ​គាំពារ​សង្គម​ឱ្យ​កាន់តែ​មាន​ភាព​គ្រប់​ជ្រុងជ្រោយ​, ប្រសិទ្ធភាព​, ស័ក្តិ​សិទ្ធ​ភាព​, និង​ចីរភាព គឺ​ជា​កម្មវិធី​គោលនយោបាយ​អា​ទិ​-​ភាព​ទី ១ សម្រាប់​ការអភិវឌ្ឍ​ប្រទេស ក្នុងពេល​បច្ចុប្បន្ន និង​តទៅ​អនាគត ។​

​ទន្ទឹមនេះ​, ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​ស្នើសុំ​ឱ្យ​អង្គការ​សុខភាព​ពិភពលោក​បន្ត​គាំទ្រ​កម្ពុជា​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ ដើម្បី​ឆ្លើយតប​ទៅ​នឹង​សេចក្តីសម្រេច​ជា​សកល របស់​សន្និបាត​អង្គការ​សុខភាព​ពិភពលោក​ស្តីពី​បញ្ហា​សុខភាព និង​បម្រែបម្រួល​អាកាសធាតុ ក៏ដូចជា​កម្មវិធី ការងារ​ទូទៅ​ទី​ដប់​បួន​ថ្មី​របស់​អង្គការ​សុខភាព​ពិភពលោក​ឆ្នាំ​២០២៥-២០២៨ ដែល​មាន​គោលបំណង​លើក កម្ពស់​ការការពា​រសុខ​ភាព និង​សុខុមាលភាព​សម្រាប់​មនុស្ស​ទាំងអស់​គ្នា​នៅ​គ្រប់​ទីកន្លែង ។​

​ជា​កិច្ចបញ្ចប់​, ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយកដ្ឋមន្ត្រី បាន​ជូនពរ ឯកឧត្តម​វេជ្ជបណ្ឌិត ព្រមទាំង​សហការី​ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ដំណើរ​បេសកកម្ម​របស់​ខ្លួន និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​បេសកកម្ម​ការងារ​នេះ នឹង​រួមចំណែក​ដល់​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ អង្គការ​សុខភាព​ពិភពលោក​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត ៕