​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ផ្តាំផ្ញើ​ដល់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ​អាណត្តិ​ទី​៤ ខិតខំ​បំពេញ​ការងារ​ដឹកនាំ​ខេត្ត​ក្រចេះ សំដៅ​ចូលរួម​ថែរក្សា​សុខសន្តិភាព ស្ថេរភាព និង​បន្ត​អភិវឌ្ឍ​អោយមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​បន្ថែមទៀត​

សមាជិ​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ​អាណត្តិទី​៤ ចំនួន ២១ រូប​ត្រូវបាន​ប្រកាស​សុពលភាព​ចូល​បំពេញការងារ​នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៤ នេះ​ក្រោម​អធិបតីភាព​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​អ្នក​តំណាងរាស្ត្រ​មណ្ឌល​ក្រចេះ តំណាង​ក្រសួង​មហាផ្ទៃ សមាជិក​សមាជិក​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​គណៈ​អភិបាលខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត​។

​ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ទាំង ២១ រូប​ក្នុងនោះ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួន ១៨ រូប និង ៣ រូប​មកពី​គណបក្ស​ឆន្ទៈ​ខ្មែរ​។
​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងថា សមាជិក សមាជិកា ក្រុមប្រឹក្សា​ដែល​ជាប់ឆ្នោត ទោះបីជា​មាន​សមាសភាព​មកពី​គណបក្ស​នយោបាយ​ផ្សេងៗ​គ្នា​ក៏​ពិតមែន ក៏​ប៉ុន្តែ​តាម​គោលការណ៍​ច្បាប់​រៀបចំ​អង្គការ​បាន​កំណត់ថា ក្រុមប្រឹក្សា​ជា​តំណាងឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ក្រចេះ​ទាំងមូល​។ លើសពីនេះ ទោះបីជា​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវបាន​ជ្រើសរើស​តាមរយៈ​ការបោះឆ្នោត​ដោយផ្ទាល់ ឬ​មិន​ផ្ទាល់​ក្តី ក៏​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គឺជា​ផ្នែក​មួយ​នៃ​អំណាចនីតិប្រតិបត្តិ និង​មាន​ស្វ័យភាព​ក្នុង​ក្របខ័ណ្ឌ​ដែល​កំណត់​ដោយ​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ក្នុង​ការគ្រប់គ្រង ចាត់ចែង​កិច្ចការ​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។

​ហេតុនេះ ក្នុង​ការអនុវត្ត​ការងារ ឯកឧត្តម លោកជំទាវ ជា​សមាជិក សមាជិកា​ក្រុមប្រឹក្សា ត្រូវ​ខិតខំ​បម្រើ​ផលប្រយោជន៍ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និង​បរិ​យាប​ន្ន ជាពិសេស​មិន​ត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​ណាមួយ​នោះឡើយ​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា ទោះបីជា​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ​ត្រូវបាន​ជ្រើសរើស​តាម​រយៈ​ការបោះឆ្នោត​ដោយ​ផ្ទាល់ ឬ​មិន​ផ្ទាល់​ក្តី ក៏​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គឺជា​ផ្នែក​មួយ​នៃ​អំណាចនីតិប្រតិបត្តិ និង​មាន​ស្វ័យភាព​ក្នុង​ក្របខ័ណ្ឌ​ដែល​កំណត់​ដោយ​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ក្នុង​ការគ្រប់គ្រង ចាត់ចែង​កិច្ចការ​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។

​ឯកឧត្តម ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ បាន​ធ្វើ​ការគូសបញ្ជាក់​ថា ការ បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​គ្រប់​ថ្នាក់​នៅ​ថ្នាក់ក្រោម​ជាតិ គឺជា​ដំណើរការ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ ក្រោម​ជាតិ ដែល​មាន​គោលបំណង​ក្នុង​ការពង្រឹង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ឱ្យ​ចាក់គ្រឹះ​រហូតដល់​ថ្នាក់មូលដ្ឋាន​, ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​តាមរយៈ​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ​ដោយ​បង្កើត​ឡើង​នូវ​រដ្ឋបាល​ឯកភាព​ដែល​មាន​ស្វ័យភាព សិទ្ធិអំណាច និង​មុខងារ ធនធាន​សមស្រប​ដែល​បាន​ផ្ទេរ​អោយ​ទៅ​រដ្ឋបាល​ក្រោម​ជាតិ​ក្នុង​ការផ្តល់​សេវា​សាធារណៈ និង​សេវា​សង្គម​នានា​តាម​មូលដ្ឋាន​ដើម្បី​ឆ្លើយតប​ទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​លើកកម្ពស់​ការចូលរួម និង​ភាព​ជា​ម្ចាស់​របស់​ប្រជាពលរដ្ឋ​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន សំដៅ​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​គុណភាព​នៃ​ជីវិត​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​។

​ឯកឧត្តម នេត្រ ភ​ក្ត្រា បានបញ្ជាក់​ថា កិច្ចការ​ជា អាទិភាព​បន្ដ​សម្រាប់​ក្រុមប្រឹក្សា​អាណត្តិ​ទី​៤ គឺ​ការរៀបចំ​ផែនការអភិវឌ្ឍន៍​រយៈ​ពេល ៥​ឆ្នាំ និង​កម្មវិធី​វិនិយោគ ៣​ឆ្នាំ​រំកិល​,​ការចូលរួម​អនុវត្ត​កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​,​ការចូលរួម​អនុវត្ត​កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ដ្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដែល​បាន​កំណត់​យក​អាទិភាព​គន្លឹះ​ចំនួន​៥ គឺ​៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​។

​ព្រម​ជាមួយគ្នានេះ ស្នូល​នៃ​យុទ្ធសាស្ត្រ បញ្ច​កោណ គឺ​ផ្តោតលើ​ការពង្រឹង​អភិបាលកិច្ច និង​ការធ្វើ​ទំនើបកម្ម​ស្ថាប័នរដ្ឋ​ឱ្យក្លាយ​ទៅ​ជា​រដ្ឋបាល​សាធារណៈ​ទំនើប ប្រកបដោយ​សមត្ថភាព​ខ្ពស់ ខ្លាំង វៃ​ឆ្លាត និង​ស្អាតស្អំ​ដើម្បី​ធានា​និរន្ត​ភាព តួនាទី ដំណើរការ​រដ្ឋបាល​សាធារណៈ​ដោយ​តម្កល់​ផលប្រយោជន៍​ប្រជាជន​ជា​ធំ ព្រមជាមួយ នឹង​ការកសាង​ជាតិ និង​ការពង្រឹង នីតិរដ្ឋ​សំដៅ​ដល់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ប្រកប​ដោយ​បរិ​យាប​ន្ន និង​ចីរភាព​។​
​ជាមួយគ្នានេះដែរ ក៏​ត្រូវ​បន្ត​អនុវត្តន៍​កិច្ចការងារ ការផ្តល់សេវា​សាធារណៈ និង​ការដោះស្រាយ​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​ឆ្លើយតប​ឱ្យបាន​ចំ​គោលដៅ និង​ឆាប់រហ័ស ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​យុត្តិធម៌​។​

​ទន្ទឹម​នេះ​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ទោះបីជា ក្រុមប្រឹក្សា​មិន​មាន​តួនាទី និង​ការទទួលខុសត្រូវ​ផ្ទាល់​លើ​ការដឹកនាំ​គ្រប់គ្រង ចាត់ចែង​ការងារ​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ក៏ដោយ ក៏​ក្រុមប្រឹក្សា​មាន​ភារកិច្ច​តាមដាន ត្រួតពិនិត្យ​ការអនុវត្ត​សកម្មភាព​របស់​រដ្ឋបាល​រាជធានី ខេត្ត ដើម្បី​ជំរុញ​ក្នុង​ការធានា​អោយមាន​សន្តិសុខ ស្ថេរភាព និង​សណ្តាប់ធ្នាប់​ល្អ​។​
​ដើម្បី​រួមគ្នា​សម្រេចបាន​នូវ​កិច្ចការ​ខាងលើ​នេះ ឯកឧត្តម ប្រធាន​ក្រុម​ការងារ​បាន​បញ្ជាក់ថា គឺ​ចាំបាច់​ត្រូវខិតខំ​ពង្រឹងស្មារតី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ​នៅក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការលើកកម្ពស់​ប្រសិទ្ធភាព​ការងារ ការគោរព​ច្បាប់ គោរព​គោលការណ៍​នានា​របស់​រដ្ឋ និង​ពង្រឹង​របៀបរបប​ធ្វើការ ដើម្បី​លើកកម្ពស់​ការទទួលខុសត្រូវ និង​ភាព​ជា​ម្ចាស់​របស់​មន្ត្រី​នៅក្នុង​ការបំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន សំដៅ​អភិវឌ្ឍ​មូលដ្ឋាន និង​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​

​ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ បាន​ធ្វើ​របាយការណ៍​ជម្រាបជូន​ដោយ​បាន​បង្ហាញឱ្យឃើញថា ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ គណៈ​អភិបាលខេត្ត​ក្រចេះ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំង​មាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត បាន រួម​សាមគ្គី​សហការគ្នា ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ខេត្ត​ក្រចេះ ឱ្យមាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ រួម​មាន​ការផ្តល់​សេវា​រដ្ឋបាល និង​សេវា​សាធារណៈ ការអភិវឌ្ឍ​មូលដ្ឋាន ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ ជំងឺឆ្លង​រាតត្បាត​កាច​សាហា​វកូវី​ដ​-១៩ ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​ចូលរួម​ការពារ និង​ថែរក្សា​សន្តិសុខ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ កាលពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ កាលពី​ថ្ងៃ​ទី ២៦ ខែ​ឧសភា ឆ្នាំ​២០២៤ កន្លងទៅនេះ ឱ្យ​ប្រព្រឹត្តទៅ​ប្រកប ដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ យុត្តិធម៌ ក្នុង​បរិយាកាស​សន្ដិភាព សន្ដិសុខ​សណ្ដាប់ធ្នាប់​យ៉ាង​ល្អប្រសើរ​ដោយ​គ្មាន​អំពើហិង្សា និង​ការ​គំរាម កំហែង​កើតឡើង​ឡើយ ស្របតាម​ច្បាប់ បោះឆ្នោត និង​បទបញ្ជា នីតិវិធី​នៃ​ការបោះឆ្នោត​។​

​តាមរយៈ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា ត្រាស់​បង្គាប់​ទទួលស្គាល់​សមាសភាព​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ អាណត្តិ​ទី​៤ មាន​ចំនួន ២១​រូប ដោយ​ក្នុង​នោះ ឯកឧត្តម ហឿ សុ​ី​យ៉ែម ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ​។ ផ្អែក​តាម​លទ្ធផល​ជា​ផ្លូវការ ដែល​បាន​ប្រកាស​ដោយ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ចំនួន​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ មាន​ចំនួន​សរុប ៤ ២០០​រូប ក្នុង​នោះ​ក្រុមប្រឹក្សា​រាជធានី ខេត្ត មាន​ចំនួន ៥៥៩​រូប និង​ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ មាន​ចំនួន ៣៦៤១​រូប​។
ដោយឡែក សម្រាប់​រដ្ឋបាល​ខេត្ត​ក្រចេះ មាន​ចំនួន​ក្រុមប្រឹក្សា​ចំនួន ២១​រូប​៕