សន្និសីទ​សារព័ត៌មាន​ស្តីពី​ការរៀបចំ​ការប្រកួត​កីឡា កា​បា​ឌី ពានរង្វាន់​ពិភពលោក ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​

នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៤ ក្រុមការងារ​កីឡា កា​បា​ឌី​កម្ពុជា បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការរៀបចំ​ការប្រកួត​កីឡា កា​បា​ឌី ពានរង្វាន់​ពិភពលោក ក្រោម​អធិបតីភាព​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក យិត ភី​រៈ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​កីឡា​នៃ​ក្រសួងមហាផ្ទៃ ឯកឧត្តម ជិន សំណាង ប្រធាន​ក្រុម​ការងា​រកា​បា​ឌី​កម្ពុជា និង​លោក S.T. Arasu អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កា​បា​ឌី​ពិភពលោក​។​

​បន្ទាប់ពី​លោក ជិន សំណាង ប្រធាន​ក្រុម​ការងា​រកា​បា​ឌី​កម្ពុជា បាន​មានប្រសាសន៍​ស្វាគមន៍ និង​បាន​ជម្រាបជូន​អំពី​ការរៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា កា​បា​ឌី ពានរង្វាន់​ពិភពលោក ដែល​នឹង​ប្រព្រឹត្តិ​ទៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២៤ ខាងមុខ រួចមក លោក S.T. Arasu អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កា​បា​ឌី​ពិភពលោក បាន​មានប្រសាសន៍ថា ការប្រកួត​កីឡា កា​បា​ឌី ពានរង្វាន់​ពិភពលោក នៅ​ប្រទេស​កម្ពុជា​នេះ នឹង​ក្លាយជា​ការប្រកួត​ជា​លើក​ទី​ពីរ បន្ទាប់​ពី​ព្រឹត្តិការណ៍​ដំបូង​បាន​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង Melaka ប្រទេស​ម៉ាឡេស៊ី ក្នុង​ឆ្នាំ​២០១៩ ។​

​ការប្រកួត​នេះ នឹងមាន​ប្រទេស​ចំនួន​១៨ ចូលរួម ដែល​មានដូចជា​ប្រទេស​ឥណ្ឌា អូស្ត្រាលី អា​ហ្វ​ហ្គានី​ស្ថាន អាល់​ហ្សេ​រី កាណាដា កា​មេ​រូ​ន អេ​ហ្ស៊ី​ប អង់គ្លេស ហុងកុង អ៊ីតាលី កេន​យ៉ា ម៉ាឡេស៊ី ស្កុត​ឡែន តង់​ហ្សា​នី ទុយ​នី​ស៊ី និង​អ៊ូ​ហ្គង់​ដា ដែលមាន​កីឡាករ​សរុប​ប្រមាណ ៤០០​នាក់ មក​ពី​ទ្វីប​ទាំង​៥​នៃ​ពិភពលោក​។​

​លោក អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កា​បា​ឌី​ពិភពលោក បាន​មានប្រសាសន៍​បន្ត​ថា ការរៀបចំ​ការប្រកួត កីឡា​កា​បា​ឌី​ពាន់រង្វាន់​ពិភពលោក​នៅ​រាជធានី​ភ្នំពេញ គឺជា​ជំហាន​ឆ្ពោះ​ទៅ​មុខ​ក្នុង​ការផ្សារភ្ជាប់​កាន់តែ ជិតស្និត​រវាង ឥណ្ឌា​-​កម្ពុជា ដើម្បី​លើកកម្ពស់ និង​អភិវឌ្ឍ​កីឡា​កា​បា​ឌី​បន្ថែមទៀត ព្រមទាំង​ជា​គោលដៅ និង​ជា​ដៃគូ​ដ៏​ល្អ​ប្រពៃ​សម្រាប់​ការអភិវឌ្ឍ​លើ​វិស័យ​សំខាន់ៗ​ដទៃទៀត​។​

​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក យិត ភី​រៈ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​កីឡា​នៃ​ក្រសួង មហាផ្ទៃ បាន​សំដែង​នូវ​ការកោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ការងារ ថ្នាក់ដឹកនាំ របស់​ក្រុម​ការងា​រកា​បា​ឌី​កម្ពុជា និង​សហព័ន្ធ​កា​បា​ឌី​ពិភពលោក ដែល​បាន​នាំយក​កីឡា​នេះ​មក រៀបចំ​ការប្រកួត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ស្រប​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការលើកស្ទួយ​វិស័យ​កីឡា​ទូទាំងប្រទេស​។​

​ទន្ទឹមនឹងនេះ កម្ពុជា​ក៏​នឹង​បាន​ចូលរួម​ចែករំលែក និង​ផ្លាស់ប្តូរ​បទពិសោធន៍ ក៍​ដូចជា​រឹតចំណង​មិត្តភាព សាមគ្គីភាព អរិយធម៌ និង​វប្បធម៌​រវាង​ប្រទេស និង​ប្រទេស​ផងដែរ​។​

​ក្នុង​ការរៀបចំ​ការប្រកួត​កីឡា​កា​បា​ឌី​ពានរង្វាន់​ពិភពលោក​នេះ និង​លើកទឹកចិត្ត​ឱ្យ​កីឡាករ កីឡា​ការិនី តំណាងឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើការ​ត្រៀមខ្លួន​ឱ្យ​បាន​គ្រប់​លក្ខណៈ ទាំង​ការគោរព​វិន័យ និង​ការខិតខំ​ហ្វឹកហាត់ និង​អនុវត្ត​ស្រប​តាម​លក្ខន្តិកៈ​របស់​សហព័ន្ធ​កីឡា​កា​បា​ឌី​ពិភពលោក ដែល​ក្នុង​នាម​ប្រទេស​ជា​ម្ចាស់ផ្ទះ រៀបចំ​ការប្រកួត​កម្រិត​ពិភពលោក​របស់​ប្រភេទ​កីឡា​មួយ​នេះ អោយ​ទទួលបាន​ជោគជ័យ​៕​