​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានចាត់ទុក​ការ​មក​វិនិយោគទុន​របស់ ក្រុមហ៊ុន​លក់​រថយន្ត Great Wall Motor (GWM) របស់​ប្រទេស​ចិន គឺ​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា និង​ផ្តល់​ឱកាស​ការងារ​ច្រើន​ដល់​ប្រជាជន​កម្ពុជា

នេះ​ជា​ការ​ថ្លែង​របស់ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុងឱកាស​អញ្ជើញ​ទស្សនា​រថយន្ត Great Wall Motor (GWM) នៅ​អាគារ​តាំង​បង្ហាញ​រថយន្ត GWM Cambodia មាន​ទីតាំង​នៅ ផ្ទះ​លេខ​15z, ផ្លូវ​លេខ​៩៣ (​មហាវិថី​ព្រះមុនីវង្ស​) កែង​ផ្លូវ​លេខ​៤២២ ភូមិ​១៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២៤ ។ GWM គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត SUV និង​ភី​ក​អាប់​ដ៏​ល្បីល្បាញ​ឈាន​មុខ​គេ​មួយ​នៅ​លើ​ពិភពលោក​។ សក្តានុពល​នៃ​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​របស់ GWM ត្រូវបាន​ទទួលស្គាល់​ជា​សកល និង​មាន​ការពេញចិត្ត​ពី អតិថិជន​ជា​ច្រើន​។

​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​សំដែង​នូវ​ការរីករាយ​ដោយ​បាន​ឃើញ​នូវ ប្រភេទ​រថយន្ត ថ្មីៗ ទំនើបៗ ជាច្រើន​ប្រភេទ របស់​ក្រុមហ៊ុន Great Wall Motor (GWM) នាំយក​មក​ពី​ប្រទេស​ចិន មក​លក់​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ហើយ​ប្រភេទ​រថយន្ត​ខ្លះ ប្រើប្រាស់​ដោយ​ថាមពល​កកើត​ឡើងវិញ ដែល​ជា​ការចូលរួមចំណែក​ដល់​ការថែរក្សា​បរិស្ថាន ។ ឯកឧត្តម បាន​ជម្រាបជូន​ថា បច្ចុប្បន្ននេះ កំរិតជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា កាន់តែ​ល្អប្រសើរ ដែល​អាច​មាន​លទ្ធភាព​ទិញ​របស់​ប្រើប្រាស់​ថ្មីៗ ទំនើប និង​ទាន់សម័យ ។

​ដូច្នេះហើយ ក្រុមហ៊ុន​លក់​រថយន្ត Great Wall Motor (GWM) គួរតែ​ធ្វើ​ការងា​រលើ​ផ្នែក​ទំនាក់ទំនង​សាធារណៈ មាន​កិច្ចសហការ​ជាមួយ​ប្រពន្ធ័​ផ្សព្វផ្សាយ​របស់ជាតិ ឯកជន និង​សមាគម​សារព័ត៌មាន នានា​នៅ​កម្ពុជា ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​ជា​ភាសា​ខ្មែរ ភាសា​ចិន និង​ភាសា​អង់គ្លេស អោយ​ទូលំទូលាយ​តាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម អោយ​គេ​បាន​ស្គាល់​ពី​រថយន្ត​ថ្មី របស់ GWM មាន​បច្ចេកវិទ្យា​ទំនើប ដែល​ជា​ប្រភេទ​រថយន្ត​មាន​គុណភាព ប្រើប្រាស់​ធន សន្សុំ​សំចៃ​ថវិកា​សម្រាប់​អ្នក​ប្រើប្រាស់ ។ ទន្ទឹមនេះ រូបរាង ការ​រចនា​រថយន្ត​ទាំងអស់​នេះ​ឡើង គឺ​តម្រូវ​តាម​ចំណង់​ចំណូលចិត្ត និង​ការចង់បាន​របស់​អ្នកប្រើប្រាស់ ។

​តាម​ការបញ្ជាក់​របស់​តំណាង​ក្រុមហ៊ុន​លក់​រថយន្ត Great Wall Motor (GWM) បានអោយដឹងថា ដោយ​មើលឃើញ​ពី​ការរីកចំរើន​លើ​គ្រប់​វិស័យ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ប្រជាជន មានលទ្ធភាព និង​មាន​តម្រូវការ​ក្នុង​ការប្រើប្រាស់​រថយន្ត​ថ្មីៗ ទើប​ក្រុមហ៊ុន​បាន​នាំ​ចូល​នូវ​រថយន្ត ថ្មី ទំនើប ទាន់សម័យ មាន​គុណភាព​ខ្ពស់ យកមក​លក់​នៅ​ក្នុង​ទីផ្សារ ។ ក្រៅពី​អាជីវកម្ម​លក់​ឡាន ក្រុមហ៊ុន Great Wall Motor ដែលមាន​ស្នាក់ការ​កណ្តាល​នៅក្នុង​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់ បាន​ធ្វើ​ការនាំ​ចេញ​នូវ​ផលិតផល​កសិកម្ម​ពី​ប្រទេស​កម្ពុជា រួមមាន អង្ករ​ក្រអូប គ្រាប់ស្វាយចន្ទី ដំណាប់​ស្វាយ ដំណាប់​មៀន ទៅ​លក់​ក្នុង​ទីផ្សារ​ប្រទេស​អារ៉ាប់ ។

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា នៅក្នុង​វិស័យ​កសិកម្ម​របស់​កម្ពុជា មាន​ភាព​ល្បី ដូចជា អង្ករ ម្រេច ទុរេន ផ្លែ​តាងែ​ន ចេក រួម​ទាំង​ផលិតផល​កសិផល​ជាច្រើន​ទៀត ដែល​បាន​កំពុង​នាំ​ចេញ​យកទៅលក់​នៅ​ទីផ្សារ​អន្តរជាតិ ។ ដូច្នេះ​ការ​ដែល​ក្រុមហ៊ុន GWM ធ្វើ​ការកែឆ្នៃ​ផលិតផល​កសិកម្ម​របស់​ប្រជាកសិករ​ខ្មែរ គឺជា​ការជួយ​ដល់​ទីផ្សារ​របស់​អ្នក​ដាំ​ដុះ​កសិផល​បាន​យ៉ាងច្រើន និង​បាន​ផ្តល់​នូវ​ចំណេះដឹង ជំនាញ​ដល់​បងប្អូន​ប្រជាកសិករ​ខ្មែរ បាន​យល់ដឹង​ពី​បច្ចេកវិទ្យា ការកែឆ្នៃ ការ​វេច​ខ្ចប់​រាល់​ផ្លែឈើ និង​អង្ករ ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ទីផ្សារ​ក្រៅប្រទេស ។
​ឯកឧត្តម រដ្ឋមន្ត្រី បាន​សំដែង​នូវ​មោទនភាព​ដែល​បាន​ឃើញ​មាន​រូប​ទង់ជាតិ កម្ពុជា បាន​ដាក់​នៅ​លើ​កញ្ចប់​ផលិតផល​ខ្មែរ យកទៅ​ដាក់​លក់​នៅ​ទីផ្សារ​បរទេស ហើយ​គេ​បាន​ផ្តល់​តំលៃ​ពី​គុណភាព​ល្អ មាន​រសជាតិ​ឆ្ងាញ់ ដែល​អាច​បង្កើត​ទីផ្សារ​កាន់តែ​ច្រើន​បន្ថែមទៀត ។

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ស្នើ​ដល់​ក្រុមហ៊ុន GWM ជួយ​ពង្រីក​ទីផ្សារ​អោយបាន​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត ដើម្បី​ចូលរួម​កែឆ្នៃ វិច​ខ្ចប់ នូវ​ផលិតផល​របស់​ខ្មែរ​អោយ​បាន​កាន់តែ​ច្រើន​បន្ថែ​ម​ទៀត ។ ជា​ការឆ្លើយតប ក្រុមហ៊ុន នឹង​ខិតខំ​ប្រឹងប្រែង​ពង្រឹក​ទីផ្សារ​លក់​ផលិតផល​របស់​កម្ពុជា នៅ​កាន់​ទីផ្សារ​អន្តរជាតិ បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត ។

​ត​មក​នៅ​ថ្ងៃ​ដដែល​នេះ​ដែរ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច ទីស្នាក់ការ​ក្រុមហ៊ុន OneRoad Group ស្ថិត​នៅ​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដោយ​មាន​ការទទួល​ស្វាគមន៍​ពី លោក Kevin Lou នាយក​ប្រតិបត្តិ និង​ជា​ស្ថានិក ក្រុមហ៊ុន One Road Group ព្រមទាំង​ជា​ប្រធាន អង្គការ​មូលនិធិ​សប្បុរសធម៌ វ័ន​រ៉ូដ ។

​ក្រុមហ៊ុន OneRoad Group (Cambodia) Co., Ltd. ដែល ជា​ក្រុមហ៊ុន វិនិយោគ លើ ការ កែច្នៃ កសិផល កម្ពុជា សម្រាប់ ការ នាំចេញ និង​តាំង​យានយន្ត​ដែល​អាច​មាន​សមត្ថភាព​ក្លាយ​ជា​រោងចក្រ​ដំ​ឡេីង​គ្រឿង​បង្គុំ​ឡាន​នាពេល​អនាគត ។​បន្ទាប់ពី​ជួប​ពិភាក្សា​គ្នា និង​ទស្សនកិច្ច​ទីតាំង​មួយចំនួន​របស់​ក្រុមហ៊ុន និង​ពិនិត្យ​មើល​រថយន្ត Great Wall Motor (GWM) ជាច្រើន​គ្រឿង​ដាក់តាំង​បង្ហាញ​រួចមក លោក Kevin Lou នាយក​ប្រតិបត្តិ និង​ជា​ស្ថានិក​ក្រុមហ៊ុន One Road Group ព្រមទាំង​ជា​ប្រធាន អង្គការ​មូលនិធិ​សប្បុរសធម៌ វ័ន​រ៉ូដ បាន​ផ្តល់​នូវ​អំណោយ​ជូន ដល់ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន រួមមាន កាតា​ប កូនសិស្ស​ចំនួន​ជាង ១ ០០០ ដោយ​ក្នុងកា​តាប នី​មួយៗ មាន​បន្ថែម​ជា​សំភារៈ​សិក្សា​ជាង ១០ មុខ រួម​ទាំង​ដប​ដាក់​ទឹក​ផងដែរ ។

​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​សំដែង​នូវ​ការ​អរគុណ​ដល់ ក្រុមហ៊ុន One Road Group ដែល​បាន​ផ្តល់​នូវ​សំភារៈ​សិក្សា​ជាច្រើន​មុខ រួម​ទាំង​កាតា​ប និង​ដប​ដាក់​ទឹក ហើយ​អំណោយ​ទាំងនេះ នឹង​យក​ទៅ​ចែកជូន​ដល់​កូនៗ​របស់​មន្ត្រីរាជការ​នៃ​ក្រសួង​ព័ត៌មាន ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ ១ មិថុនា ខាងមុខនេះ ហើយ​ក៏​យក​ទៅ​ចែកជូន​ដល់​កុមារ​នៅ​តាម​ជនបទ​ក្នុង​ខេត្ត​ក្រចេះ ។

​គួរ​រំលឹក​ដែរ​ថា កាលពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២៤ ក្រុមហ៊ុន One Road Group នាំយក​អំណោយ​អង្ករ ចំនួន ២​តោន ជូន​ដល់​ក្រសួង សម្រាប់​ចូលរួម​បម្រើ​ដល់​ការងារ​មនុស្សធម៌ និង​សកម្មភាព​នានា របស់​ក្រសួង​ព័ត៌មាន ៕