ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ៖ ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​សម្រាប់​សកម្មភាព​មីន ធានា​ឲ្យ​ដំណើរការ​នៃ​ការងារ​បោសសម្អាត​មីន​កាន់តែ​ប្រសើរឡើង រហ័ស សុវត្ថិភាព តម្លៃ​ទាប និង​មាន​ប្រសិទ្ធភាព​ខ្ពស់

​ភ្នំពេញ​៖ ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ​សូហ្វីតែ​ល​ភូគី​ត្រា​ភ្នំពេញ តាង​នាម​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្តម​បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី​តម្រូវការ​បច្ចេកវិទ្យា​ក្នុង​ការងារ​បោសសម្អាត​មីន និង​គ្រាប់​។ សិក្ខាសាលា​នេះ ប្រព្រឹត្តិ​ទៅ​ក្រោម​កិច្ច​សហការ​រៀបចំ​ដោយ​កម្មវិធី​អភិវឌ្ឍន៍ និង​ស្រាវជ្រាវ​ការ​បោសសម្អាត​មីន មនុស្សធម៌ (HDR&D Program) នៃ​សហរដ្ឋអាមេរិក និង​អាជ្ញាធរ​មីន ព្រមទាំង​មាន​ការចូលរួម​ពី​លោកស្រី Aleks Zittle អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​, លោក Sean Burke កម្មវិធី HDR&D, តំណាង​ស្ថានទូត​នៅ​កម្ពុជា​, ដៃគូ​អភិវឌ្ឍន៍ និង​ប្រតិបត្តិ​ករ​ដោះ​មីន​ជាតិ​-​អន្តរជាតិ​។​

​ក្នុង​សិក្ខាសាលា​នេះ លោក Sean Burke នាយក​កម្មវិធី HDR&D បាន​លើកឡើង​អំពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​សហរដ្ឋអាមេរិក និង​កម្ពុជា ក្នុង​ការគាំទ្រ​ដល់​ការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩៣ ក៏ដូចជា​ការរួមចំណែក​របស់​កម្មវិធី HDR&D ចាប់តាំងពី​ឆ្នាំ ២០០៦ ក្នុង​ការគាំទ្រ​ផ្តល់​នូវ​សម្ភារ​បច្ចេកវិទ្យា សម្រាប់​កិច្ចសហប្រតិបត្តិកា​រដល់​គ្រប់​ប្រតិបត្តិករ​ជាតិ​-​អន្តរជាតិ​នៅ​កម្ពុជា​។​

​លោក Sean Burke បាន​ទទួលស្គាល់​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ​របស់​កម្ពុជា​សម្រាប់​រយៈពេល ៥​ឆ្នាំ​ចុងក្រោយ លើ​វិស័យ​សកម្មភាព​មីន ក្នុងនោះ​ក៏​មាន​ការរួមចំណែក​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​របស់​សហរដ្ឋអាមេរិក ក្នុង​ការងារ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា ផងដែរ​។ លោក​បន្ត​ទៀត​ថា ការរៀបចំ​សិក្ខាសាលា​នា​ថ្ងៃនេះ បាន​បង្ហាញ​ពី​ប្តេជ្ញាចិត្ក​ខ្ពស់​របស់​សហរដ្ឋអាមេរិ​ក ក្នុងការ​ធ្វើ​បច្ចុប្បន្នភាព​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​ការ​រាវរក និង​កំទេច​ចោល​គ្រាប់មីន​និង​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​ដទៃទៀត ជាពិសេស​អាច​កំណត់​បាន​កាន់តែ​ច្បាស់​នូ​វ​ប្រភេទ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បាន​លើកឡើង​ថា ការរៀបចំ​សិក្ខាសាលា​នេះ គឺ​បាន​បង្ហាញ​ពី​មិត្តភាព និង​ភាព​ជា​ដៃគូ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ក្នុង​នោះ​ភាព​ជា​ដៃគូ​លើ​ដំណើរការ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា ដែល​រហូត​មកដល់ពេលនេះ សហរដ្ឋអាមេរិក បាន​រួមចំណែក​ថវិកា​ប្រមាណ ២០៨ លាន​ដុល្លារ ក្នុង​ការងារ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា រួចមកហើយ​។

​ក្រៅពីនោះ សហរដ្ឋអាមេរិក ក៏​បាន​គាំទ្រ​ផ្តល់​នូវ​សម្ភារ​បច្ចេកវិទ្យា​ទំនើប​ដល់​មក​កម្ពុជា ក្នុងការ​គោលដៅ​លើកកម្ពស់​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព សម្រាប់​ការងារ​បោសសម្អាត​មីន និង​គ្រាប់ ដែល​ការបង្កើត​បច្ចេកវិទ្យា​បោសសម្អាត​មីន​នេះ កម្មវិធី HDR&D បាន​ជ្រើស​យក​ប្រទេស​កម្ពុជា ជាទី​តាំង​សម្រាប់​ការសាកល្បង និង​ជា​គោលដៅ​ក្នុង​ការផលិត​សម្ភារ​បច្ចេកវិទ្យា​ទាំងនេះ មុន​នឹង​ដាក់​ឱ្យ​ដំណើរការ​ប្រើប្រាស់​ទូទាំង​ពិភពលោក​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្តទៀតថា បច្ចុប្បន្ននេះ វិស័យ​បច្ចេកវិទ្យា​ទំនើប បាន​ដើរតួនាទី​យ៉ាង​សំខាន់​លើ​គ្រប់​វិស័យ​ស្រប​នឹង​សម័យ​ឌីជីថល ដែល​កំពុង​ប្រើប្រាស់​ទូទាំង​ពិភព​លោ​ល​។ ក្នុងនោះ ប្រទេស​កម្ពុជា ជា​ប្រទេស​ឈាន​មុខ​គេ ក្នុង​ការប្រើប្រាស់​បច្ចេក​វិទ្យា​ទំនើប​សម្រាប់​ការងារ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជឿជាក់ថា អ្នក​ដោះមីន​កម្ពុជា ប្រមាណ​ជាង ៥០០០​នាក់ ដែល​កំពុង​បំរើ​បេសកកម្ម​នៅ​ទីវាល​ផ្ទាល់ នឹង​កាន់​ទទួល​បាន​សុខ​សុវត្ថិភាព និង​លទ្ធផល​ល្អប្រសើរ​។ ជាមួយនឹង​ការប្រើប្រាស់​សម្ភារ​បច្ចេក​វិទ្យា​ទំនើប​នេះ នឹង​ធានា​ឲ្យ​ដំណើរការ​នៃ​ការងារ​បោសសម្អាត​មីនឲ្យ​កាន់តែ​ប្រសើរ​ឡើង រហ័ស សុវត្ថិភាព តម្លៃ​ទាប និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​តាង​នាម​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​រដ្ឋាភិបាល និង​ប្រជាជន​សហរដ្ឋមន្ត្រី ដែល​បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​វិស័យ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា​អស់​រយៈពេល​ជាង ៣០​ឆ្នាំ ហើយ​ប្រទេស​កម្ពុជា នៅតែ​បន្ត​ត្រូវការ​គាំទ្រ និង​រួមចំណែក​ពី​សហរដ្ឋអាមេរិក ក៏​ដូចជា​បណ្តា​ប្រទេស​ជា​មិត្ត​ដទៃទៀត និង​គ្រប់​ដៃគូ​អភិវឌ្ឍន៍ លើ​វិស័យ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា ផងដែរ​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជឿជាក់​យ៉ាងមុះ​មាំ​ថា ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត យើង​ទាំងអស់​នឹង​អាច​ទទួល​ជោគជ័យ​ក្នុង​ការដោះស្រាយ​បញ្ហា​មីន ហើយ​អត្រា​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នឹង​ត្រូវបាន​កាត់បន្ថយ​ជា​អតិបរមា និង​អាចឈាន​ទៅ​លប់បំបាត់​ចោល​ទាំងស្រុង នាពេល​អនាគត​ដ៏​ខ្លី​៕​