ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកវិញ្ញាសា ប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ វិញ្ញាសាសរសេរលើកទី២
ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា វិញ្ញាសាសរសេរលើកទី២ បានចាប់ផ្តើម ដោយមានការអញ្ជើញបើកវិញ្ញាសាដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងមហាជនដែលបានចុះឈ្មោះសង្កេតការណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។
«ធ្វើវិញ្ញាសាពេលព្រឹក ប្រឡងពេលរសៀល។»
«អ្នកតាក់តែងវិញ្ញាសាត្រូវបានជ្រើសរើស ក្នុងចំណោមជម្រើសជាច្រើនរូប។»
«វិញ្ញាសាត្រូវបានរៀបចំលើសពីមួយជម្រើស ជ្រើសរើសវិញ្ញាសាភ្លាម ថតចម្លងភ្លាម វេចខ្ចប់ភ្លាម ប្រឡងភ្លាមៗ។»
ទាំងនេះជានីតិវិធីមួយចំនួននៃដំណាក់កាលតាក់តែងវិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។
ដូចសព្វមួយដង រាល់ការប្រឡងប្រជែងតែងតែអនុវត្តតាមនិយាមនីតិវិធីប្រតិបត្តិនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលការរៀបចំតាក់តែងវិញ្ញាសា នៅពេលព្រឹក ហើយប្រឡងនៅពេលរសៀល៕