ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ថា​ក្រសួង​ព័ត៌មាន បន្ត​ចូលរួម​ធ្វើ​ឱ្យ​សម្រេចបាន​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​ទាំង​៤ របស់​កុមារ ក្នុង​បុព្វហេតុ​បង្កើត​ធនធានមនុស្ស​ប្រកបដោយ​ចំណេះដឹង មាន​សុជីវធម៌ គុណធម៌ ចរិយា​ធម៌ និង​សីលធម៌​ 

នេះ​ជា​ការ​ថ្លែង​បញ្ជាក់​របស់ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកជំទាវ ទុយ សិរី​រតនៈ នេត្រ ភ​ក្ត្រា ប្រធានកិត្តិយស​សមាគម​នារី​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​សាខា​ក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​បើក​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ ឆ្នាំ​២០២៤ ដែល​បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៤ នា​សាលចតុម្មុខ​មង្គល ទីស្តីការ​ក្រសួង​ព័ត៌មាន ។​

​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា មានប្រសាសន៍​លើកឡើង​ថា មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ ដែល​ក្រសួង​ព័ត៌មាន រៀបចំ​ឡើង​នា​ឱកាស​នេះ គឺជា​ការផ្តល់​នូវ​ឱកាស​ដល់​កុមារា កុមារី បាន​បញ្ចេញ​នូវ​សមត្ថភាព និង ទេពកោសល្យ តាមរយៈ​សិល្បៈ​តន្ត្រី និង​ចម្រៀង ដែល​មាន​ច​រឹត​លក្ខណៈ​បែបផែន​សម្រាប់​កុមារ ហើយ​ដើម្បី​ប្រែក្លាយ​រូបភាព ខ្លឹមសារ​ទៅ​ជា​ការអប់រំ ផ្តល់​ចំណេះដឹង​ជា​ប្រយោជន៍​យូរអង្វែង​សម្រាប់បំ​និន​ជីវិត មានន័យ​ថា ការសិក្សា ការអប់រំ ផ្សារភ្ជាប់ ជាមួយនឹង​សិល្បៈ តន្ត្រី ។​

​ឯកឧត្តម រដ្ឋមន្ត្រី បាន​ជម្រាបជូន​ដែរ​ថា តាមរយៈ​បទពិសោធន៍​នៅតាម​បណ្តា​ប្រទេស​នានា​ទូ​ទាំង​សកលលោក សិល្បៈ​ពិតជា​មាន​ឥទ្ធិពល យ៉ាង​ខ្លាំងក្លា​ទៅលើ​ចិត្ត​គំនិត​របស់​បុគ្គល​គ្រប់រូប ហើយ​ក្រៅពី​មាន​តួនាទី​ជា​ចំណី​អារម្មណ៍​របស់​ពលរដ្ឋ​គ្រប់​វ័យ និង​គ្រប់​ស្រទាប់វណ្ណៈ សិល្បៈ​ក៏មាន​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​ផ្សារ​ភ្ជាប់​នឹង​ជីវិត​មនុស្ស ដោយ​មិន​អាច​កាត់ផ្តាច់​ឃ្លាត​គ្នា​បានឡើយ​។ ដូច្នេះ កុមារ​ក៏​ត្រូវមាន​ចំណី​អារម្មណ៍​ផ្ទាល់ ដែល​ជា​ចំណែក​មួយ​នៅក្នុង​វិធី​អប់រំ​ទាំងឡាយ ដើម្បី​បណ្តុះ​និស្ស័យ​ល្អៗ​របស់​កុមារ​ឱ្យ​ស្ថិត​លើ​ផ្លូវ​មួយ​ឆ្ពោះទៅរក​ភាព​ថ្លៃថ្នូរ នៃ​មនុស្សជាតិ និង​ក្លាយជា​ទំពាំង​ស្នង​ឫស្សី​របស់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់​ដែរ​ថា នៅក្នុង​ឆ្នាំ​២០២៤​នេះ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​បាន​លើក​ប្រធានបទ​សម្រាប់​ទិវា​កុមារ កម្ពុជា ឆ្នាំ​២០២៤ ក្រោម​ប្រធានបទ “​វិនិយោគ​លើ​កុមារ​ថ្ងៃនេះ សំដៅ​បង្កើន​មូលធន​មនុស្ស​ក្នុង​យុគសម័យ បដិវត្ត​កម្ម​ឌីជីថល​” ក្នុង​អាណត្តិ​នៃ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​របស់ សម្តេច មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ សម្តេច​ធិបតី ផ្ទាល់​ក៏​ជា​ប្រធានកិត្តិយស​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​នេះ​ផង​ដែរ​។​

​ស្រប​នឹង​ប្រធានបទ​ខាងលើនេះ រូបភាព​នឹង​ខ្លឹមសារ​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ ពានរង្វាន់ ក្រសួង​ព័ត៌មាន ដែល​បាន​រៀបចំ​ចាប់តាំងពី​ឆ្នាំ​២០១២ រហូតមកដល់​ឆ្នាំ​នេះ គឺជា​ការប្តេជ្ញាចិត្ត​រួមគ្នា​របស់ ក្រុម​ការងារ​ជំនាញ​ទាំង ៥​អគ្គនាយកដ្ឋាន និង​ក្រុមការងារ​ដើម្បី​កុមារ​ក្រសួង​ព័ត៌មាន ដែល​ជា​សេនាធិការ បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​លើ​វិស័យ​កុមារ ។​

​ឯកឧត្តម រដ្ឋមន្ត្រី សូម​សម្តែង​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ ជាពិសេស លោកជំទាវ ច័ន្ទ ធី និង​ក្រុមការងារ​ដែល​បាន​ផ្តួចផ្តើម​គំនិត និង​ខិតខំ​រៀបចំ​កម្មវិធី​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ​នេះ​ឡើង វិញ ហើយ​សូម​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម ហួត ឃាង​វេង ដែល​បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ការគាំទ្រ ថវិកា​បន្ថែម​ពី​សប្បុរសជន​នានា​សម្រាប់​គាំទ្រ​ដល់​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ​ឆ្នាំ​២០២៤​នេះ ឆ្លើយតប​តាម​ការស្នើសុំ​របស់​ក្រសួង បន្ថែម​ពីលើ​ថវិកាជាតិ​ដែល​ទទួលបាន​ការគាំទ្រ​។​

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ក័បានថ្លែងអំណរគុ​ណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រាជរដ្ឋាភិបាល ដែល​បាន​ផ្តល់​ថវិកា និង​សប្បុរជន​នានាឧ​ប​ត្ត​ម្ភ​ថវិកា​បន្ថែម រួមមាន ក្រុមហ៊ុន CHIP MONG , ធនាគារ​កាណាឌីយ៉ា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើរី ភេសជ្ជៈ Krud, ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប ក្រុមហ៊ុន Metfone ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែកាប PPCTV, ទូរទស្សន៍ CTV8 HD, និង NRC NEW RADIO GENERATION,​ដែល​បាន​ចូលរួម​គាំទ្រ និង​ឧបត្ថម្ភ​ដល់​កម្មវិធី​មហោស្រព តន្ត្រី​និង​ចម្រៀង​កុមារ​ឆ្នាំ​២០២៤ ។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ ឯកឧត្តម រដ្ឋមន្ត្រី សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង​អប់រំ​យុវជន និង​កីឡា ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ អគ្គនាយក​-​អគ្គនាយិកា លោកគ្រូ​-​អ្នកគ្រូ ដែល​អញ្ជើញ​មក​ពី​សាលា​រដ្ឋ និង​សាលា​ឯកជន​នានា​ទូទាំង​ប្រទេស​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ចដំណើរការ​រៀបចំ និង​ចូលរួម​ក្នុង​មហោស្រព​នាពេលនេះ​។​

​នៅក្នុង​ឱកាស​ប្រកបដោយ​ក្តី​សប្បាយរីករា​យ​នេះដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សូម​ជូនពរ​ដល់​ក្មួយៗ កុមារា កុមារី ដែល​មក​ចូលរួម​ទាំងអស់​ទទួល​បាន​ជោគជ័យ​ទៅតាម​សមត្ថភាព​របស់​ក្មួយៗ​រៀងៗ​ខ្លួន ។​

​មហោស្រព​តន្ត្រី និង ចម្រៀង​កុមារ ឆ្នាំ​២០២៤  មាន​សិស្ស​សាលា​រដ្ឋ និង​សាលា​ឯកជន ក្នុង​រាជធានី​-​ខេត្ត សរុប ៣៤​ក្រុម ស្មើ នឹង​ចំនួន​កុមារ​ចូលរួម​ប្រមាណ ២០០​នាក់ នឹង​មក​បង្ហាញ​សមត្ថភាព ទេពកោសល្យ ដើម្បី​ក្លាយជា​ម្ចាស់​ពានរង្វាន់​ក្រសួង​ព័ត៌មាន ដែល​ត្រូវ​ប្រកាស​ក្នុង​ពិធី​បិទ​នៅ​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០០៤ ៕​