លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ដឹកនាំ​ក្រុម​គ្រូពេទ្យ TYDA ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​តាំងគោក​

នា​ព្រឹក​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០២៤ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ (TYDA) ប្រមាណ​ជាង ៣០០ នាក់ ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ ២.៩៣៨ នាក់ ស្មើនឹង ៥.១៦៦ ករណី កំពុង​រស់នៅ​ភូមិ​គ្រើល ឃុំ​ពោធិ៍ ស្រុក​តាំងគោក ខេត្ត​កំពង់ធំ ។ ការពិនិត្យ និង​ព្យាបាល​នេះ បាន​ប្រព្រឹត្តទៅ​ក្នុង​បរិវេណ អនុវិទ្យាល័យ​-​បឋមសិក្សា ហ៊ុន​សែន​គ្រើល​អណ្តូង​ពោធិ៍ ដោយ​មាន​ការចូលរួម​ផងដែរ​ពី​សំណាក់​អាជ្ញាធរ​ដែនដី គ្រប់​លំដាប់ថ្នាក់ ។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នា​ឱកាស​នោះ លោកជំទាវ​បណ្ឌិត បាន​គូសបញ្ជាក់ថា សម្ដេច​តេជោ ហ៊ុន សែន សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី លោក​តែង​យកចិត្តទុកដាក់​គិតគូរ​អំពី​សុខទុក្ខ និង​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ តាមរយៈ​ការ​បង្ខិត​សេវា​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ។ ជាក់ស្ដែង ថ្ងៃនេះ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទាំងអស់ រួមមាន​៖ ជំងឺ​ទូទៅ​, ជំងឺ​មាត់​ធ្មេញ​, ពិនិត្យ​អេកូ និង​រោគ​ស្ត្រី​, ជំងឺ​បេះដូង​, ពិនិត្យ​ជំងឺ​ភ្នែក​, វះកាត់​តូច​, ជំងឺ​ឫសដូងបាត​, ជំងឺ​សន្លាក់​, ជំងឺ​សើរ​ស្បែក​, ជំងឺ​ត្រចៀក ច្រមុះ បំពង​ក​, ថត​កាំរស្មី​, ពិនិត្យ​ឈាម​, ព្រមទាំង​បាន​បញ្ជូន​ករណី​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន ៧៧ នាក់ ទៅ​ព្យាបាល​បន្ត ប្រកបដោយ​ទឹកចិត្ត និង​ស្នាមញញឹម​ចេញ​ពី​បេះ​ដូង​មនុស្សធម៌ ដែល​សកម្មភាព​នេះ បាន​បង្កើតឡើង​អស់​រយៈពេល​ជាង ១២​ឆ្នាំ មកហើយ ។​

​ក្នុងឱកាស​នោះ​ដែរ ក្រៅ​ពី​ការពិនិត្យ និង​ព្យាបាល​ជំងឺ លោកជំទាវ​បណ្ឌិត ក៏​បាន​ចែក​កាបូប​ស្ពាយ ដល់​ក្មួយៗ​សិស្សានុសិស្ស ដែល​មាន​វត្តមាន​នៅក្នុង​បរិវេណ​សាលារៀន ផងដែរ ។​

​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មក​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​សុខភាព​ទាំងអស់ បាន​សម្តែង​នូវ​ក្តីសប្បាយរីករាយ និង​ថ្លែងអំណរគុណ​ជា​អនេក​ចំពោះ សម្តេច​មហា​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត ជា​អនេក ដែល​បាន​ផ្តល់ឱកាស​ដ៏​វិសេសវិសាល​នេះ​ដល់​ពួកគាត់ ៕