រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ថ្លែងអំណរគុណ​និង​លើកទឹកចិត្ត​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តស្ទឹងត្រែង​ពង្រឹងសមត្ថភាព​ឱ្យស្រប​តាម​ការវិវត្ដ​នៃ​បច្ចេកវិទ្យា​និង​សង្គម​ក្នុង​ការគ្រប់គ្រង​ព័ត៌មាន​ប្រកបដោយ​ប្រសិទ្ធភាព និង​ផ្ដល់​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ថ្លែងអំណរគុណ​និង​លើកទឹកចិត្ត​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តស្ទឹងត្រែង​ពង្រឹងសមត្ថភាព​ឱ្យស្រប​តាម​ការវិវត្ដ​នៃ​បច្ចេកវិទ្យា​និង​សង្គម​ក្នុង​ការគ្រប់គ្រង​ព័ត៌មាន​ប្រកបដោយ​ប្រសិទ្ធភាព និង​ផ្ដល់​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព​,​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ស្ទឹងត្រែង នា​រសៀល​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២៤ នៅ​មន្ទីរ​ព័ត៌មាន​ខេត្តស្ទឹងត្រែង ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​ផង​ដែរ​នោះ​.

​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែងថា មន្ទីរ​ព៍ត៌មាន​មាន​តួនាទី​សំខាន់​ជា​សេនាធិការ​របស់​ក្រសួង​ផង និង​ជា​សេនាធិការ​ផ្នែក​គ្រប់គ្រង​ព័ត៌មាន​និង​សាធារណមតិ​សម្រាប់​រដ្ឋបាល​ខេត្ត​ផង​។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកទឹកចិត្ត​ដល់​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តស្ទឹងត្រែង​ឱ្យ​បន្ត​ខិតខំ​ប្រឹងប្រែង​ពង្រឹងសមត្ថភាព និង​ធ្វើ​ទំនើបកម្ម​ឱ្យស្រប​តាម​ការវិវត្ដ​នៃ​បច្ចេកវិទ្យា និង​សង្គម ដើម្បី​ផលិត​ព័ត៌មាន​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព ផ្សាយ​ឱ្យ​បាន​ឆាប់រហ័ស និង​ស្រប​តាម​ការវិវឌ្ឍ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នា​សម័យ​បច្ចុប្បន្ន​  ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​គ្រប់គ្រង​ព័ត៌មាន​មាន​ប្រសិទ្ធភាព​ដើម្បី​ធ្វើជា​សេនាធិការ​ជូន​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត​របស់​ខ្លួន​លើ​វិស័យ​ព័ត៌មាន ក៏ដូចជា​ការចូលរួម​រៀបចំ​និង​ពង្រឹង​សណ្តាប់ធ្នាប់​ក្នុង​វិស័យ​ព័ត៌មាន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងថា ការធ្វើ​ទំនើបកម្ម​សមត្ថភាពរ​បស់​មន្ដ្រី​ស្រប​តាម​ការវិវត្ដ នៃ​បច្ចេកវិទ្យា និង​សង្គម សមត្ថភាព​របស់​មន្ដ្រី គឺ​ត្រូវតែ​ធ្វើ​បច្ចុប្បន្នភាព​ជាប្រចាំ ដើម្បី​ឆ្លើយតប​ការវិវត្ដ​របស់​សង្គម​។

​នៅក្នុង​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន​បាន​ដាក់ចេញ​គោលនយោបាយ​ជា​រួម​គឺ​ធ្វើ​ទម្រង់​លើ​មុខងារ​របស់​ក្រសួង​ដើម្បី​ធ្វើឱ្យ​ក្រសួង​ព័ត៌មាន​ជា​ស្ថាប័ន​ទំនាក់ទំណង​សាធារណៈ​របស់​រាជរដ្ឋាភិបាល​ប្រកប​ដោយ​សកម្ម បុរេ​សកម្ម អន្តរ​សកម្ម និង​ប្រកបដោយ​ប្រសិទ្ធភាព​និង​គុណភាព ដោយ​ដាក់​ចុះ​នូវ​យុទ្ធសាស្ត្រ​កំណែ​ទម្រ​ង​រួម​មាន​ភាព​ជា​អ្នកដឹកនាំ ការធ្វើ​ទំនើបកម្ម​និង​រដ្ឋបាល​ទំនើប​របស់​ក្រសួង ការពង្រឹង​ប្រសិទ្ធភាព និង​គុណភាព​ការងារ ការពង្រឹង​ការអនុវត្ត​ច្បាប់ ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍ និង​កិច្ច​សហប្រតិបត្តិ​ក្នុង​ភាព​ដៃ​ដៃគូ​ស្មើភាព​និង​ស្មើ​សិទ្ធិ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ថែមទៀតថា​៖ សម័យ​បច្ចុប្បន្ន​បច្ចេកវិទ្យា​ទំនើប ប៉ុន្តែ​មន្ត្រី​របស់​យើង​នៅ​មាន​សមត្ថភាព​មាន​កម្រិត​នៅឡើយ ដូច្នេះ​ចាំបាច់​យើង​ត្រូវ​គិតគូរ​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព​ដល់​ពួកគាត់​បន្ថែមទៀត ទៅ​នឹង​អ្វី​ដែល​ជា​ការវិវត្ត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​យើង​។

​ឯកឧត្តម​បញ្ជាក់ថា មន្ត្រី​របស់​យើង​មិន​អាច​ធ្វើ​ការងារ​ត្រឹមតែ​ប្រើប្រាស់​ចំណេះដឹង​ដដែលៗ​នោះទេ ពោល​គឺ​មន្ត្រី​យើង​ត្រូវតែ​ពង្រឹងសមត្ថភាព និង​ពង្រឹង​ចំណេះដឹង​ដែល​យើង​មាន ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដក​បទពិសោធ​បន្ថែម​ឱ្យស្រប​ទៅ​នឹង​ការវិវត្តន៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បច្ចេកវិទ្យា​ព័ត៌មាន និង​និន្នាការ​នៃ​ការទទួល​ព័ត៌មាន​របស់​ប្រជាជន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​  ​នេត្រ ភ​ក្ត្រា បាន​ថ្លែង​កោតសរសើរ​លើក​ចិត្ត​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ទីរ​ព័ត៌មាន​ខេត្ត​ស្ទឹងត្រែង ដែល​តែងតែ​បំពេញការងារ​ប្រកប​ដោយ​លទ្ធផល​ផ្លែផ្លា បើទោះបីជា​ជួប​ការលំបាក និង​បញ្ហា​ប្រឈម​ខ្វះខាត​សម្ភារ​យ៉ាងណាក៏ដោយ​ក៏​នៅតែ​ជម្នះ​ទៅលើ​ការបំពេញ​ការងារ​របស់ខ្លួន រហូត​ទទួលបាន​លទ្ធផល​ជូន​ខេត្ត និង​សង្គមជាតិ​បាន​ល្អ​ប្រសើរ​ផង​ដែរ​។

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពី​ភាពចាំបាច់​ក្នុង​ការគោរព​ក្រមសីលធម៌​សារព័ត៌មាន និង​ការពង្រឹង​សណ្តាប់ធ្នាប់​អ្នកសារព័ត៌មាន​នៅក្នុង​ខេត្ត​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​កោតសរសើរ​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​ដែល​បាន​បំពេញ​ការងារ​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​ផងដែរ​៕​