ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្តីពី ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅ​រដ្ឋបាល​ឃុំ​សង្កាត់​

​នា​ព្រឹក​ថ្ងៃ​ចន្ទ ១​រោច ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ​ភ្នំពេញ រាជធានី​ភ្នំពេញ​, ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានរៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្តីពី​ “​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅ​រដ្ឋបាល​ឃុំ​សង្កាត់​” ​ជូន​ជំនួយការ​ហិរញ្ញវត្ថុ​រដ្ឋបាល​ឃុំ​សង្កាត់ នៃ​ខេត្ត​កណ្ដាល​ ១២៧ នាក់​ ​ដើម្បី​ពង្រឹង​ពង្រីក​សមត្ថភាព និង លើកកម្ពស់​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​។​

​កម្មវិធី​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​ការដឹកនាំ​របស់​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ​ហ៊ាន សា​ហ៊ី​ប​ ​រដ្ឋលេខាធិការ និង ជា​ប្រធាន​ក្រុម​ការងារ​កសាង​សមត្ថភាព​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ ​ឯកឧត្តម​អភិបាលរង​ ​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​, ព្រមទាំង​ថ្នាក់ដឹកនាំ និង មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​។​

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ រដ្ឋលេខាធិការ​ ​បាន​ជម្រាបជូន​អង្គពិធី​ថា ការកសាង និង​ការអភិវឌ្ឍ​សមត្ថភាព មាន​សារៈសំខាន់​សម្រាប់​គាំទ្រ និង អនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​ជា​កម្មវិធី​អាទិភាព​ក្នុងចំណោម​កម្មវិធី​កែទម្រង់​គន្លឹះៗ​របស់​រាជរដ្ឋាភិបាល សំដៅ​ “​ប្រែក្លាយ​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​កម្ពុជា​ពី​ប្រព័ន្ធ​ផ្អែកលើ​ធាតុ​ចូល និង មាន​លក្ខណៈ​មជ្ឈការ ឆ្ពោះ​ទៅ​ជា​ប្រព័ន្ធ​ផ្ដោត​លើ​លទ្ធផល​ឬ​សមិទ្ធកម្ម និង មាន​លក្ខណៈ​វិមជ្ឈការ ស្រប​តាម​ស្ដង់ដា និង ឧត្តមា​នុវត្តន៍​អន្តរជាតិ​”​។​

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ រដ្ឋលេខាធិការ​ ​បាន​គូសបញ្ជាក់ថា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​យកចិត្តទុកដាក់​ជានិច្ច​លើ​ការកសាង និង​ការអភិវឌ្ឍ​សមត្ថភាព​មន្ត្រី​អនុវត្ត​ការងារ​ហិរញ្ញវត្ថុ​សាធារណៈ និង បាន​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ស្ដី​ពី​ការកសាង និង​ការអភិវឌ្ឍ​សមត្ថភាព ក្នុង​ក្របខ័ណ្ឌ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៤ ​សម្រាប់​តម្រង់​ទិស​ការ​បណ្ដុះបណ្ដាល​និង​វិក្រឹតការ​សមត្ថភាព ជូន​មន្ត្រី​ជំនាញ​ហិរញ្ញវត្ថុ​សាធារណៈ​របស់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ រដ្ឋលេខាធិការ​ ​បាន​សង្កត់ធ្ងន់ថា ជំនួយការ​ហិរញ្ញវត្ថុ​រដ្ឋបាល​ឃុំ​សង្កាត់ ជា​តួអង្គ​ដ៏​សំខាន់​នៅ​រដ្ឋបាល​ឃុំ​សង្កាត់ ដោយហេតុ​ថា ជំនួយការ​ហិរញ្ញវត្ថុ​រដ្ឋបាល​ឃុំ​សង្កាត់ ត្រូវបាន​បំពាក់ តួនាទី និង ភារកិច្ច​ស្នូល​ជាច្រើន ដូចជា​ ​រជ្ជទេយ្យ​ករ​បុរេប្រទាន​, រជ្ជទេយ្យ​ករ​ចំណូល​, ភ្នាក់ងារ​បើក​ផ្ដល់​, ជំនួយការ​មេឃុំ​ចៅសង្កាត់​ក្នុង​ការរៀបចំ​ផែនការ និង គម្រោង​ថវិកា​ប្រចាំឆ្នាំ ព្រមទាំង​ពិនិត្យ គ្រប់គ្រង និង តាមដាន​ការអនុវត្ត​ថវិកា ជាដើម​ ​ដែល​តួនាទី និង ភារកិច្ច​ទាំងនេះ ចាំបាច់​ត្រូវ​ទទួលបាន​ការបណ្ដុះបណ្ដាល​និង​វិក្រឹតការ ដើម្បី​ពង្រឹង​ពង្រីក​សមត្ថភាព ចំណេះដឹង និង​ជំនាញ​វិជ្ជាជីវៈ​។​

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ រដ្ឋលេខាធិការ​ ​បាន​គូស​រំលេច​ថា បើទោះបី​ជំនួយការ​ហិរញ្ញវត្ថុ ជា​មន្ត្រី​ដែល ដែល​ត្រូវបាន​ជ្រើសរើស​ឡើង​តាម​ការប្រឡង​ក្តី ក៏​តាមរយៈ​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​កន្លងមក​ឃើញថា មន្ត្រី​ទាំងនោះ​នៅ​មិនទាន់​មាន​បទពិសោធន៍​លើ​ការងារ​រដ្ឋបាល​ឃុំ​សង្កាត់ និង លើ​ទិដ្ឋភាព​បច្ចេកទេស​ខាង​គណនេយ្យ​សាធារណៈ និង​ថវិកា នៅឡើយ ពិសេស នៅ​មិនទាន់​យល់​ច្បាស់​អំពី​ការរៀបចំ​ឯកសារ​គណនេយ្យ ការកត់ត្រា​បញ្ជិកា​គណនេយ្យ និង​ការទូទាត់​ចំណាយ​រជ្ជទេយ្យ​បុរេប្រទាន ជាដើម ដែល​ទាមទារ​នូវ​ការបណ្តុះបណ្តាល​ជា​បន្តបន្ទាប់​។​

​ក្នុងន័យនេះ កម្មវិធី​បណ្ដុះបណ្ដាល​រៀបចំ​ដោយ​វិទ្យាស្ថាន​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង អង្គភាព​ពាក់ព័ន្ធ នាពេលនេះ គឺជា​កម្ម​វិធី​ដ៏​សំខាន់ សម្រាប់​កសាង និង អភិវឌ្ឍ​សមត្ថភាព នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដោយ​ផ្តោត​លើ​ប្រធានបទ ដូចជាៈ​ ​នីតិវិធី​នៃ​ការរៀបចំ និង​អនុវត្ត​ថវិកា​, នីតិវិធី​រជ្ជទេយ្យ​បុរេប្រទាន និង​កិច្ច​បញ្ជិកា​, នីតិវិធី​រជ្ជទេយ្យ​ចំណូល និង​កិច្ច​បញ្ជិកា​, កិច្ចលទ្ធកម្ម​សាធារណៈ​, និង ការគ្រប់គ្រង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​ ​សំដៅ​លើកកម្ពស់​ផលិតភាព និង​ប្រសិទ្ធភាព​ការងារ នៃ​ការអនុវត្ត​ការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៤​។​

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ រដ្ឋលេខាធិការ​ ​បន្ថែមថា វគ្គ​បណ្ដុះបណ្ដាល​នេះ មិន​ត្រឹមតែ​រួមចំណែក​ដល់​ការគាំទ្រ និង​ការអនុវត្ត​ការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ប៉ុណ្ណោះ​ទេ​, ប៉ុន្តែ​ថែមទាំង​រួមចំណែក​ដល់​ការអភិវឌ្ឍ​មូលធន​មនុស្ស ដែល​ត្រូវបាន​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង ប្រកប​ដោយ​ថាមពល​ ​សម្តេច​មហា​បវរ​ធិបតី​ ​ហ៊ុន ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ចាត់ទុក​ជា​អាទិភាព​ខ្ពស់​បំផុត​នៅក្នុង​ ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី ១ ​ដែល​ត្រូវបាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត កាលពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២៣ កន្លងទៅ ៕​