មន្ទីរ​ប្រឆាំង​គ្រឿងញៀន បញ្ជូន​ជនជាតិ​វៀតណាម​២​នាក់ និង​វត្ថុតាង​គ្រឿងញៀន​ជិត​៧០០ គីឡូក្រាម ទៅ​តុលាការ​រាជធានី​ភ្នំពេញ​

ភ្នំពេញ​៖ កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៤​នេះ បាន​បញ្ជូន​ជនជាតិ​វៀតណាម​២​នាក់ និង​វត្ថុតាង​គ្រឿងញៀន​ជិត ៧០០​គីឡូក្រាម ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ។​

​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុតាង​គ្រឿងញៀន​ដ៏​ច្រើន​នេះ ដោយ​អនុវត្ត​តាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន​ប៉ា ម៉ា​រី​លុច អគ្គស្នងការ​រង​ទទួល​សហការ​ដឹកនាំ​ផែន​ប្រឆាំង​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់​របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​ដោយ​មាន​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ផ្តល់​ព័ត៌មាន​ក្រុម​មុខសញ្ញា ដែលមាន​អង្គការ​ចាត់តាំង​ជនជាតិ​វៀតណាម លួចលាក់​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​ពី​ប្រទេស​ឡាវ ឬ ថៃ ឆ្លងកាត់​កម្ពុជា ទៅ​ប្រទេស​វៀតណាម ដោយ​រក្សា​ទុក​គ្រឿងញៀន​នៅ​រាជធានី​ភ្នំពេញ​។

​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ចាត់តាំង​កម្លាំង​ជំនាញ​ការិយាល័យ ក​១ ចុះ​ស៊ើបអង្កេត​បន្ត រហូត​នៅ​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៤ វេលា​ម៉ោង ៦​និង​៤០​នាទី កម្លាំង​ជំនាញ (​ក​១) ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ទោ អ៉ិន សុង នាយករង​មន្ទីរ និង​ដឹកនាំ​សម្របសម្រួល​ដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​ករណី​រក្សា​ទុក និង​ដឹកជញ្ជូន​គ្រឿងញៀន ខាងលើ នៅ​២​គោលដៅ​ជា​បន្តបន្ទាប់ ដូចខាងក្រោម ៖

​គោលដៅ​ទី​១ ៖ ចំណុច​ខន​ដូរ​ហ្សង់​អេ​លីហ្សេ បន្ទប់​លេខ ៨០៣ ជាន់​ទី​៨ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ NGUYEN HOAN DINH ភេទ​ប្រុស ជនជាតិ​វៀតណាម អាយុ ៤៥ ឆ្នាំ​។​

​ចាប់​យក​គ្រឿងញៀន​ប្រភេទ ៖
-​អ៉ិ​ច​ស្ត្រា​ស៊ី (MDMA) ទម្ងន់ ៣០,០៥ ក្រាម​
-​កេតា​មីន (KETAMINE) ទម្ងន់ ៧៦,០៤ ក្រាម ។​
​គោលដៅ​ទី​២៖ ចំណុច​ខន​ដូរ ផ្លា​ទីនីន​បេ បន្ទប់​លេខ​១១០៥ ជាន់​ទី​១១ ផ្លូវ​លេខ​២៨២ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ឈ្មោះ DUONG TIEN ភេទ​ប្រុស ជនជាតិ​វៀតណាម អាយុ​១៧​ឆ្នាំ​។​

​ចាប់​យក​គ្រឿងញៀន​ប្រភេទ ៖
-​មេតំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៥៩៤៨១២ ក្រាម​
-​កេតា​មីន (KETAMINE) ទម្ងន់ ៧៩១៤ ក្រាម​
-​កញ្ជា (MARIJUANA) ទម្ងន់ ១៧០០០ ក្រាម​
-​សារធាតុ​មិន​ច្បាស់ ទម្ងន់ ៨៧៦ ក្រាម ។​
​សរុប​រួម ៖
​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​នាក់ ភេទ​ប្រុស (​ជនជាតិ​វៀតណាម​)
​រឹបអូស​គ្រឿងញៀន​ចំនួន ៦៦៨ គីឡូក្រាម ៧៥១,១ ក្រាម​។​

​ចាប់​យក​សម្ភារៈ និង​មធ្យោបាយ​រួមមាន ៖
១.​អាវុធខ្លី​ចំនួន ០១​ដើម និង​គ្រាប់កាំភ្លើង​ចំនួន ១២​គ្រាប់​
២.​លិខិតឆ្លងដែន​ចំនួន ០២ ក្បាល​
៣.​សៀវភៅ​ការងារ​ចំនួន ០២ សន្លឹក​
៤.​កាត​ធនាគារ​ចំនួន ០១
៥.​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូវី​ត​ចំនួន ០១
៦.​អត្តសញ្ញាណប័ណ្ណ​វៀតណាម​ចំនួន ០១
៧.​ប័ណ្ណបើកបរ​អន្តរជាតិ​ចំនួន ០១
៨.​សៀវភៅ​បើកបរ​អន្តរជាតិ​ចំនួន ០១
៩.​ជញ្ជីង​ថ្លឹង​ធំ​២ ជញ្ជីង​តូច​៤
១០.​ម៉ាស៊ីន​អ៊ុត​ថង់ ចំនួន ២ និង​សំភា​រវេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​
១១-​ឡាន​ចំនួន ០២​គ្រឿង​
១២- ទូរស័ព្ទដៃ ០២​គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុតាង​ចាប់​យក​ខាងលើ បាន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ ទៅតាម​ច្បាប់​៕