ជប៉ុន​ផ្តល់​ថវិកា ៧៦,៣៣៣ ដុល្លារ​អាមេរិក សម្រាប់​ការសាងសង់​ដំបូល​នៅ​ទីលាន​បាល់បោះរ​ទេះ​ជនពិការ​ក្នុង​ខេត្ត​បាត់ដំបង​

​ស្ថានទូត​ជប៉ុន​បាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយឥតសំណង សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​វប្បធម៌ ដល់​ការសាងសង់​ដំបូល​នៅ​ទីលាន​បាល់បោះរ​ទេះ​ជនពិការ​ក្នុង​ខេត្ត​បាត់ដំបង ក្រោម​វត្តមាន ឯកឧត្តម អ៊ូអិ​ណុ អា​ត់ស៊ូ​ស៊ី ឯកអគ្គរាជទូត​វិសាមញ្ញ និង ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​អ្នក​ម្នាង ស៊ីសុវត្ថិ កន្នី​រ៉េត ប្រធាន​សហព័ន្ធ​កីឡាបាល់បោះរ​ទេះ​ជនពិកា​រ​កម្ពុជា (CWBF)​។​

​ឯកឧត្តម អ៊ូអិ​ណុ អា​ត់ស៊ូ​ស៊ី ឯកអគ្គរាជទូត​វិសាមញ្ញ និង ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​វប្បធម៌​នេះ គាំទ្រ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​ក្រៅ​រដ្ឋា ភិបាល​នានា​ក្នុង​ការអនុវត្ត​គម្រោង ដែល​រួម​ចំណែក​ដោយផ្ទាល់​ដល់​ការលើកកម្ពស់​សកម្មភាព​វប្បធម៌ កីឡា និង​ការ អប់រំ​កម្រិត​ខ្ពស់ ក៏​ដូច​ជា​ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌ នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​។

​សម្រាប់​គម្រោង​ដែល​យើង​ចុះ​ហត្ថលេខា​នា​ថ្ងៃនេះ រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ចំនួន ៧៦,៣៣៣ ដុល្លារ អាមេរិក (​ចិតសិប​ប្រាំមួយ​ពាន់​បី​រយ​សាមសិប​បី​ដុល្លារ​អាមេរិក​) ទៅដល់​សហព័ន្ធ​កីឡាបាល់បោះរ​ទេះជ​ន ពិការ​កម្ពុជា (CWBF) ក្នុង​គោលបំណង​សាងសង់​ដំបូល​សម្រាប់​ទីលាន​បាល់បោះរ​ទេះ​ជនពិការ ដែលមាន ស្រាប់​ស្ថិតនៅ​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ខេត្ត​បាត់ដំបង​។

​ឯកឧត្តម អ៊ូអិ​ណុ អា​ត់ស៊ូ​ស៊ី បាន​បន្តថា ដោយសារ​កង្វះ​ខាត​ដំបូល អត្ត​ពលិក​កីឡាបាល់បោះរ​ទេះ​ជនពិកា​រ មាន​ពេលវេលា​តិច​ក្នុង​ការហាត់​សម ដោយសារ​ពួកគេ​មិន​អាច​ហាត់​សម ក្រោម​ពន្លឺ​ថ្ងៃ​ខ្លាំង ភ្លៀង ឬ​នា​ពេល​ងងឹត​។​

​យ៉ាងណាក៏ដោយ បន្ទាប់​ពី​ការសាងសង់​ដំបូល​រួចរាល់ យើង រំពឹង​ថា​អត្ត​ព​លិក អាច​ហាត់​សម​កីឡាបាល់បោះ​បាន​គ្រប់ពេលវេលា មិន​ថា​អាកាសធាតុ​បែបណាក៏ដោយ ហើយ ក្រុម​កីឡាបាល់បោះរ​ទេះជ​ន​ពិការ អាច​ទទួលបាន​លទ្ធផល​កាន់តែ​ល្អប្រសើរ​ជាង​មុន​នៅក្នុង​ការប្រកួត​អន្តរជាតិ នៅ​ថ្ងៃ​អនាគត​៕