​ឯកឧត្តម វ៉ាន់​មូហា​ម៉ាត់ណ មៈ​ថា ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ បាន​ចូលជួប​សម្តែង​ការគួរសម និង​ជំនួប​ពិភាក្សា​ទ្វេភាគី ជាមួយ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

នា​ព្រឹក​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៤​នេះ ឯកឧត្តម វ៉ាន់​មូហា​ម៉ាត់ណ មៈ​ថា ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ បាន​ចូលជួប​សម្តែង​ការគួរសម និង​ជំនួប​ពិភាក្សា​ទ្វេភាគី ជាមួយ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី បាន​លើកឡើង​ថា​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ថៃ​នាពេលនេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ និង​ជា​ប្រវត្តិសាស្ត្រ ក្នុងនាម​ជា​ប្រទេស​ជិតខាង​ភូមិ​ផង​របង​តែមួយ និង​ជា​សមាជិក​អន្តរ​សភា​អាស៊ាន​ដំបូង​គេ ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​សម្រាប់​នីតិកាល​ទី​៧​។ ដំណើរ​ទស្សនកិច្ច​នេះ​ក៏​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​បន្ត​ពង្រឹងពង្រីក និង​លើកកម្ពស់​បន្ថែមទៀត​នូវ​ចំណង​មិត្តភាព​ជា​ប្រពៃណី ភាព​ជា​អ្នក​ជិតខាង​ល្អ និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែល​អាច​បើក​ឱកាស​ថ្មី​សម្រាប់​ប្រទេស​យើង​ទាំងពីរ ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​របស់​យើង​ឱ្យ​អស់​សក្តានុពល​។​

​នៅក្នុង​ជំនួប​កិច្ចពិភាក្សា​ទ្វេភាគី គណៈប្រតិភូ​រដ្ឋសភា​ទាំង​២​បាន​វាយតម្លៃ​ខ្ពស់​នូវ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដែល​មាន​ជា​យូរលង់​មកហើយ ក៏​ដូច​ជា​សមិទ្ធផល​សំខាន់ៗ ស្តែង​ចេញ​ពី​ទំនាក់ទំនង​នេះ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ទាំង​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​និង​នីតិ​ប្រតិបត្តិ​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ខិតខំ​ប្រឹងប្រែង​ទាំងអស់គ្នា​បន្ថែមទៀត​។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត​ប្រធានរដ្ឋសភាស្ដីទី បានបញ្ជាក់​ថា ឆ្នាំក្រោយ​នេះ​ជា​ខួប​លើក​ទី​៧៥​ឆ្នាំ នៃ​ចំណង​ការទូត​របស់​ប្រទេស​ទាំង​២ ក្នុងន័យនេះ ការទូត​សភា​គឺ​ដើរ​តួនាទី​សំខាន់ ក្នុង​ការជំរុញ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។

​ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត​ប្រធានរដ្ឋសភាស្ដីទី ក៏បាន​គូសបញ្ជាក់​បន្ថែម អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដែល​មាន​លក្ខណៈ​ពហុ​វិស័យ និង​ច្រើន​កម្រិត ដោយមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ទាំង​ក្របខណ្ឌ​រដ្ឋ និង​រដ្ឋ (​តាំងពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់មូលដ្ឋាន​) ក្រប​ខណ្ឌ​សភា និង​សភា ធុរកិច្ច​និង​ធុរកិច្ច គណបក្សនយោបាយ និង​គណបក្ស​នយោបាយ និង​រវាង​ប្រជាជន និង​ប្រជាជន​។

​ការអភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍​អាច​នឹង​ជួយ​ពង្រឹង​បន្ថែមទៀត នូវ​ចំណងមិត្តភាព និង​ជួយ​ជំរុញ​ផលប្រយោជន៍ ទៅវិញទៅមក ក្នុងនោះ​រួមមាន​ជំរុញ​កំណើន​សេដ្ឋកិច្ច ការផ្លាស់ប្តូរ​វប្បធម៌ និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​។ នា​ពេល​ថ្មីៗ​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា និង​ឯកឧត្តម សេដ្ឋា ថា​វី​ស៊ីន នាយករដ្ឋមន្ត្រី​ថៃ បាន​ឯកភាពគ្នា​ជំរុញ​និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្រោម​ពាក្យស្លោក «​ព្រះរាជាណាចក្រ​ពីរ​គោល​ដៅ​តែមួយ​»​។​

​ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត​ប្រធានរដ្ឋសភាស្ដីទី បាន​បន្ថែមទៀតថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង​មួយ​លាន​នាក់​បាន និង​កំពុង​រស់នៅ និង​ធ្វើការ យ៉ាង​សកម្ម​លើ​វិស័យ​ផ្សេងៗ​ក្នុង​ប្រទេស​ថៃ ហើយ​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ប្រទេស​ថៃ​ក៏​ដូចជា​ប្រទេស​កម្ពុជា​។ តំណាងឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​ថ្លែងអំណរគុណ​ជា​អនេក​ចំពោះ​សភា​ថៃ ក៏ដូចជា​រាជរដ្ឋាភិបាល​ថៃ ដែល​បាន​ការពារ​សិទ្ធិសេរីភាព ពលករ​ចំណាកស្រុក​កម្ពុជា និង​បាន​ផ្តល់​ឱកាស​ដល់​ពួកគេ​មាន​លទ្ធភាព សមត្ថភាព រក​ចំណូល​ដោយ​ស្របច្បាប់ សម្រាប់​ផ្គត់ផ្គង់​គ្រួសារ និង​បាន​រួមចំណែក​ជួយ​ដល់​សេដ្ឋកិច្ចសង្គម របស់​ប្រទេស​ថៃ​ផង​ដែរ​។

​ឯកឧត្តម វ៉ាន់​មូហា​ម៉ាត់ណ មៈ​ថា បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​បដិសណ្ឋារកិច្ច​ដ៏​កក់ក្ដៅ​របស់​រដ្ឋ​សភា​កម្ពុជា និង​ឯកភាព​ចំពោះ​ប្រសាសន៍​លើកឡើង​របស់​ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ប្រធានរដ្ឋសភា​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ឯកឧត្ដម​បានលើកឡើង​ពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដែល​មាន​ជា​យូរលង់​មក​ហើយ​ក៏​ដូចជា​សមិទ្ធ​ផល​សំខាន់ៗ​ស្តែង​ចេញ​ពី​ទំនាក់ទំនង​នេះ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ទាំង​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​និង​នីតិ​ប្រតិបត្តិ​នៃ​ប្រទេស​ទាំង​ពីរ ដោយ​ឯកឧត្ដម​ប្រធាន​គណៈប្រតិភូ​បញ្ជាក់​ឡើងវិញ​ថា ថៃ​និង​កម្ពុជា​គឺជា​បងប្អូន​។ ប្រទេស​ទាំង​ពីរ ជា​អ្នក​ជិតខាង​ល្អ ជា​មិត្ត​ល្អ ដូច​សុភាសិត​បាន​លើកឡើង​ថា មាន​មិត្ត​ល្អ​ម្នាក់​នៅ​ជិត ប្រសើ​ជាង​មាន​មិត្ត​ល្អ​១០​នាក់​ដែល​នៅ​ឆ្ងាយ​។​

​ឯកឧត្ដម​ប្រធាន​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ថៃ ក៏​បាន​សំណូមពរ​ឱ្យ​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​មាន​អនុស្សរណៈ​យោគយល់​គ្នា ដូច​រដ្ឋ​សភា​កម្ពុជា មាន​ជាមួយ​ប្រទេស​វៀតណាម​និង​ប្រទេស​ផ្សេងៗ​ទៀត ដើម្បីឱ្យ​កិច្ចសហប្រតិបត្តិការ​នៃ​សភា​ប្រទេស​ទាំងពី​កាន់តែ​ល្អប្រសើរ​និង​គ្រប់​ជ្រុងជ្រោយ​ថែមទៀត​។

​ជាមួយគ្នានេះ ឯកឧត្ដម ក៏​បាន​គោរព​អញ្ជើញ​សម្ដេច​មហា​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា និង​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋ​សភា​កម្ពុជា ទៅ​បំពេញ​ទស្ស​កិច្ច​នៅ​ព្រះរាជាណាចក្រ​ថៃ ដើម្បី​មាន​ឱកាស​ច្រើន​ថែមទៀត​ក្នុង​ការពិភាក្សា​គ្នា​អំពី​កិច្ចសហប្រតិបត្តិការ​សភា និង​ការពិចារណា​ទៅលើ​ការចុះ​អនុស្សារណៈ​រួម​ជាមួយ​គ្នា​៕