ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម ឃួន ផល្លា​រិទ្ធ នាយករង​ខុទ្ទកាល័យ ត្រូវជា​ប្អូនបង្កើត​សម្តេច​មហា​រដ្ឋសភាធិកា​រ​ធិបតី​ប្រធានរដ្ឋសភា​

​នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៤ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ដឹកនាំ​ប្រតិភូ ក្រសួង​ព័ត៌មាន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម ឃួន ផល្លា​រិទ្ធ នាយករង​ខុទ្ទកាល័យ ត្រូវជា​ប្អូនបង្កើត សម្តេច​មហា​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា ដែល​បាន​ទទួលមរណភាព កាលពី​ថ្ងៃ​សៅរ៍ ៧​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៤ វេលា​ម៉ោង ១៧:៤០​នាទី ក្នុង​ជន្មាយុ ៦៧​ឆ្នាំ ដោយ​រោគាពាធ​។​

​ពិធី​បុណ្យ​សព​ធ្វើឡើង​នៅ​គេហដ្ឋាន​នៅផ្ទះ​លេខ​៩៨-៩៩ ផ្លូវលំ​ទន្លេមេគង្គ ភូមិ​ព្រែក​លាភ សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។​

​នៅក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នេះ ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​ធ្វើ​សារលិខិត​រំលែក​មរណ​ទុក្ខ សូម​គោរព​ជូន សម្តេច​មហា​រដ្ឋសភាធិកា​រ​ធិបតី យួន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ក្រុមគ្រួសារ ដោយ​ក្នុង​សារលិខិត​បាន​គួសបញ្ជាក់​ថា តាង​នាម​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន ឯកឧត្តម ពិតជា​មាន​សេចក្ដី​ក្ដុកក្ដួល និង​សោកស្តាយ យ៉ាង​ក្រៃលែង ដោយ​បាន​ទទួល​ដំណឹង​ដ៏​ក្រៀមក្រំ​បំផុត​ថា ឯកឧត្តម ឃួន ផល្លា​រិទ្ធ នាយករង​ខុទ្ទកាល័យ សម្តេច​មហា​រដ្ឋសភាធិកា​រ​ធិបតី​ប្រធានរដ្ឋសភា និង​ត្រូវ​ជា​ប្អូនបង្កើត​របស់ សម្តេច​មហា​រដ្ឋសភាធិកា​រ​ធិបតី បាន​ទទួលមរណភាព កាលពី​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​មីនា ឆ្នាំ​២០២៤ វេលា​ម៉ោង ១៧ និង ៤០​នាទី ក្នុង​ជន្មាយុ ៦៧​ឆ្នាំ ដោយ​រោគាពាធ​។​

​ក្នុង​វេលា​ប្រកប​ដោយ​ស​មានទុក្ខ​ដ៏​ធំធេង​នេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សូម​សម្តែង​នូវ​ការសោកស្តាយ ស្រណោះ​អាឡោះ អាល័យ​ដោយ សេចក្តី​សង្វេគ​ជា​ពន់ពេក ចំពោះ​ការបាត់បង់ ឯកឧត្តម ឃួន ផល្លា​រិទ្ធ ជា​ឥស្សរជន​មួយរូប ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការបំពេញ​ការងារ​ជា​ច្រើន​ជាមួយ​ស្ថាប័ន​នីតិប្បញ្ញត្តិ ដើម្បី​បម្រើ​ឧត្តមប្រយោជន៍ មាតុភូមិ​កម្ពុជា​។​

​ជាមួយគ្នានេះ ឯកឧត្តម ក៏​ជា​ប្អូនប្រុស​ដ៏​ល្អ ជា​ឧត្តម​ស្វាមី ឪពុក ឪពុកក្មេក​ជាទីគោរព​ស្រលាញ់ ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ សីលធម៌ គុណធម៌ ជាពិសេស គឺ​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា អប់រំ និង​បណ្តុះបណ្តាល បញ្ញា​ស្មារតី​ដល់​កូនៗ​ប្រកប​ដោយ​ពុទ្ធិ​។ ជាថ្មី​ម្តងទៀត ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​ព័ត៌មាន សូម​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ជាមួយ សម្តេច​មហា​រដ្ឋសភាធិកា​រ​ធិបតី ព្រមទាំង ក្រុមគ្រួសារ និង​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ ឯកឧត្តម យួន ផល្លា​រិទ្ធ សូម​បាន​ចាប់បដិសន្ធិ និង សោយសុខ​ក្នុង​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕