ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ស្រុក​ហ្វា​ឆន់​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​

​ភ្នំពេញ​៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២៤​នេះ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​លោក ឆ្វេ មូន​ស៊ូន (Choi Moon Soon) អភិបាលស្រុកហ្វា​ឆន់ ខេត្ត​កាំ​ង​វ៉ុ​នដូ​នៃ​សាធារណរដ្ឋ​កូរ៉េ​ដើម្បី​ផ្តល់​ឱកាស​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​មាន​បំណង​ទៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​។ ពិធី​ចុះហត្ថលេខា​នេះ បាន​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​ថ្លែង​ក្នុង​ជំនួប​ទ្វេភាគី​មុន​ពិធី​ចុះហត្ថលេខា ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​លោក​អភិបាល ស្រុក​ហ្វា​ឆន់​ចំពោះ​ការទទួលយក​ពលករ​ពី​កម្ពុជា​នា​ពេល​នេះ និង​តាមរយៈ​ការជ្រើសរើស​ពលក​ររ​ដូវ​កាល​ទៅ​ធ្វើការ​នៅ​ក្នុងស្រុក​ហ្វា​ឆន់ នឹង​ធ្វើឱ្យ​រដ្ឋបាល​ក្រុង ស្រុក​ផ្សេង​ទៀត​នៃ​ខេត្ត​កាំ​ង​វ៉ុ​នដូ​ចាប់​អារម្មណ៍ទទួ​ល​យក​ពលករ​ពី​កម្ពុជា​កាន់តែ​ច្រើន​បន្ថែម​ទៀត​។​

​បន្ថែម​ពី​នេះ ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បាន​ស្នើ​ឱ្យ​លោក ឆ្វេ មូន​ស៊ូន (Choi Moon Soon) អភិបាលស្រុកហ្វា​ឆន់ ខេត្ត​កាំ​ង​វ៉ុ​នដូ​នៃ​សាធារណរដ្ឋ​កូរ៉េ គិតគូរ និង​មើលថែ​ពី​សុខទុក្ខ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​នឹង​ត្រូវ​ធ្វើការ​នៅក្នុង​ស្រុក​ហ្វា​ឆន់ នៃ​សាធារណរដ្ឋ​កូរ៉េ​ខាងមុខ ក្រោយ​ការចុះ​អនុស្សរណៈ​ដ៏​សំខាន់​នាពេលនេះ​។​

​ទន្ទឹមនឹងនោះ លោក​អភិបាលស្រុក បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​សម្រាប់​កិច្ចសហការ​ប្រកបដោយ​ទំនុកចិត្ត​របស់​ក្រសួង​នាពេលនេះ និង​បាន​គូសបញ្ជាក់ថា ពលករ​កម្ពុជា​មាន​ភាពស្មោះត្រង់ និង​ខិតខំ​ប្រឹងប្រែង​ធ្វើការ ដែល​ធ្វើឱ្យ​និយោជក​កូរ៉េ​មាន​ការពេញចិត្ត​យ៉ាងខ្លាំង ខណៈ​ដែល​ក្រសួង​ធ្លាប់មាន​បទពិសោធន៍​គ្រប់គ្រាន់​លើ​ការបញ្ជូន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​ក្រោម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ​(EPS) រួម​ទាំង​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការបញ្ជូន​ពលករ​រដូវ​កាល​ជាមួយ​ក្រុង​និង​ស្រុក​របស់​សាធារណរដ្ឋ​កូរ៉េ​ជា​ច្រើន​មកហើយ​។​

​សូមបញ្ជាក់​ថា រាល់​ការបញ្ជូន​ពលករ​កម្ពុ​ជា​ទៅ​ក្រៅ​ប្រទេស​ទាំងអស់ រួម​ទាំង​កម្មវិធី​ពល​ករ​រដូវ​កាល​ទៅ​សាធារណរដ្ឋ​កូរ៉េ គឺ​ត្រូវ​ឆ្លងកាត់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ធានា​ពី​ប្រសិទ្ធភាព និង​ការ​គាំពារ​សិទ្ធិ​របស់​ពលករ​៕​