សម្តេច​ប្រមុខរដ្ឋស្តីទី​ទទួល​សារតាំង​ពី​ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​សាធារណរដ្ឋ​សំ​ប៊ី​

នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែ​មីនា ឆ្នាំ​២០២៤ វេលា​ម៉ោង​៩:០០​នាទី សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្ដម Morecome Mumba ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​សាធារណរដ្ឋ​សំ​ប៊ី ចូល​ជូន​សារតាំង និង​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា​។​

​ក្នុងឱកាស​នោះ ឯកឧត្ដម Morecome Mumba បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ អនុញ្ញាត​ឱ្យ​ឯកឧត្តម​ចូល​ជូន​សារតាំង និង​សម្តែង​ការគួរសម​នាពេលនេះ​។

​ឯកឧត្ដម​បាន​ប្តេជ្ញា​ថា ឯកឧត្តម​នឹង​បន្ត​ខិតខំ​ពង្រឹង​ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ប្រជាជន និង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត ជាពិសេស​ខិតខំ​ជំរុញ​ឱ្យមាន​ការវិនិយោគ និង​លើកកម្ពស់​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ទៅ​លើ​វិស័យ​រ៉ែ និង​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​កើនឡើង​ថែម​ទៀត ។​

​ក្នុង​ឱកាស​ដ៏​ល្អ​ប្រពៃ​នោះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​។

​សម្តេច​មាន​ជំនឿ​ជឿជាក់ ក្នុងឋានៈ​ឯកឧត្តម​ជា​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សំ​ប៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​នឹង​បន្ត​ខិតខំ​ពង្រឹង​ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​។​

​សម្តេច​ប្រមុខរដ្ឋស្តីទី​បាន​គូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រៀមខ្លួន​ជានិច្ច ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​ជាមួយ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សំ​ប៊ី ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ នាំមក​នូវ​ផលប្រយោជន៍​ដ៏​ធំធេង​ទៅវិញទៅមក​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​៕​