
រដ្ឋាភិបាលយេម៉ែននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេសវាយប្រហារសំដៅលើក្រុម Houthi ដោយបានសម្លាប់មនុស្ស ១១នាក់
Reuters៖ អ្នកនាំពាក្យរបស់រដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិរបស់ប្រទេសយេម៉ែនបានប្រាប់សារព័តមានរ៉យទ័រថា កាលពីថ្ងៃចន្ទ ការវាយប្រហារតាមដែនអាកាសដែលសន្មតថា ជាសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងអង់គ្លេសបានវាយប្រហារលើទីក្រុងកំពង់ផែ និងទីប្រជុំជនតូចៗ នៅភាគខាងលិចប្រទេសយេម៉ែន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១នាក់ និងបានបង្កឲ្យរងរបួស ១៤នាក់ ស្របពេលដែលប្រទេសទាំងពីរកំពុងការពារការដឹកជញ្ជូនពាណិជ្ជកម្ម។
បើយោងតាមសារព័ត៌មាន Al Masirah ដែលជាសារព័ត៌មានទូរទស្សន៍សំខាន់ដែលគ្រប់គ្រងដោយក្រុម Houthi បានឲ្យដឹងថា យ៉ាងហោចណាស់មានការវាយប្រហារតាមដែនអាកាសចំនួន ១៧លើក ត្រូវបានរាយការណ៍នៅក្នុងប្រទេស រួមទាំងនៅក្នុងទីក្រុងកំពង់ផែ Hodeidah និងនៅកំពង់ផែ Ras Issa ដ៏សំខាន់។
ការវាយប្រហារនេះកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីមានការស្លាប់របស់ជនស៊ីវិលជាលើកដំបូង និងការបាត់បង់នាវាចាប់តាំងពីក្រុម Houthis ជាសម្ព័ន្ធមិត្តអ៊ីរ៉ង់បានចាប់ផ្តើមវាយប្រហារលើការដឹកជញ្ជូនពាណិជ្ជកម្មកាលពីខែវិច្ឆិកា ក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីនដែលរងការវាយប្រហារដោយអ៊ីស្រាអែល។ ការវាយប្រហារនេះក៏កើតឡើងចំថ្ងៃទីមួយនៃខែបុណ្យសាសនា Ramadan របស់សាសនាអ៊ីស្លាម ដែលជារយៈពេលត្រូវតមអាហារសម្រាប់អ្នកកាន់សាសនាអ៊ីស្លាមដែរ។
ទោះបីជាមានការសងសឹកពីសម្ព័ន្ធសហរដ្ឋអាមេរិក និងអង់គ្លេស រួមទាំងកងទ័ពជើងផ្សេងទៀតក៏ដោយ ក៏ក្រុម Houthis បានបង្កើនយុទ្ធនាការវាយប្រហារលើនាវាពាណិជ្ជកម្មជាច្រើនគ្រឿងនៅក្នុងផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។